ស្វាយរៀង ៖ លោកទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២៤ នេះថា តាមរយៈការ ពិនិត្យជាក់ស្ដែង របស់មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ឃើញថា ក្នុងរយៈពេល ២ថ្ងៃនេះ គឺពិធីបិណ្ឌ១ និងបិណ្ឌ២ សម្រាប់វត្តនៅតាមទីប្រជុំជន មានពុទ្ធបរិស័ទ លោកអញ្ជើញទៅច្រើនជាប្រក្រតី ដោយឡែកវត្តដែលនៅតាមជនបទ មានពុទ្ធបរិស័ទ លោកអញ្ជើញទៅជាមធ្យម ប៉ុន្តែតាមការសង្កេតទៅ គឺមិនមានពីវត្តអារាមណា ដែលលោកខ្វះខាតចង្ហាន់ឬក៏បច្ច័យបួននោះទេ ។
លោកបានគូសបញ្ជាក់ថា វត្តទាំង២៤៦វត្តត្រូវបានពុទ្ធបរិសទ័ ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន នាំយកចង្ហាន់ បច្ចយ័ បរិក្ខាបុណ្យទៅវេរប្រគេន ព្រះសង្ឃដើម្បីឧទ្ទិសកុសលជូន ជីដូន ជីតា ញ្ញាត្តិការ ទាំង៧សណ្តាន និងអ្នកស្នេហាជាតិ ដែលបានចែកឋានទៅកាន់បរម្យលោកដូចរាល់ឆ្នាំផងដែរ។
ពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យធំរបស់ពលរដ្ឋខ្មែរ និងជាតិសាសន៏មួយចំនួនដែលជាអ្នកកាន់សាសនាព្រះពុទ្ធ ហើយពិធីបុណ្យនេះមានរយះពេល១៥ថ្ងៃដែលចាប់ផ្តើមនៅ ថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ហើយជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធទៅកាន់លោកខាងមុខ។
ព្រះតេជគុណ យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានមានថេរដិការបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ មានអត្ថប្រយោជន៏៣ ជាសំខាន់ ទីមួយគឺ រំលឹកគុណ ចំពោះបុព្វការីជន ពីព្រោះនៅក្នុងព្រះពុទ្ធសាសនាតែងតែសរសើរ នូវបុគ្គលដែលជាអ្នកមាន ធម៏កត្តាញ្ញូកតទេវី គឺការនឹករលឹក ចំពោះគុណបការះ ចំពោះលោកដែលមានគុណ ទីពីរ ការប្រារព្វពិធីបុណ្យគឺស្វែងរកបុណ្យ កុសលសម្រាប់យើង ទាំងអស់គ្នា ពីព្រោះថាជីវិតសង្ខារបស់យើងមិនទៀងទាត់ឋិតថេរជានិច្ចជាកាលឡើង តែងតែមកដល់នូវសេចក្តីស្លាប់ជាទីបញ្ចប់ និងអត្ថប្រយោជន៏ទី៣ គឺសាមគ្គីធម៏ រវាងព្រះសង្ឃ និងពុទ្ធបរិសទ័ ព្រោះពុទ្ធបរិស័ទ ជាអ្នកមានការទំនុកបំរុងជាមួយព្រះសង្ឃ ហើយព្រះសង្ឃក៏រស់នៅ ដោយសារលើអាហារ បិណ្ឌបាត្រ ហើយមួយវិញទៀត នៅពេលព្រះសង្ឃ មានទេយ្យទាន តែងតែរំលែកទៅជូនទៅកាកបាទក្រហម ពិសេសជួយដល់គ្រួសារ ពលរដ្ឋដែលជាជនទុរគតជន វិញផងដែរ ៕