ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន (Timothy J. Donnellan) នាយសេនាធិការ និងជាមេបញ្ជាការរដ្ឋអាយដាហូ ឆ្មាំជាតិសហរដ្ឋអាមេរិក សម្ដែងនូវការជឿជាក់ថា ទៅថ្ងៃអនាគតប្រទេសទាំងពីរ សហរដ្ឋអាមេរិកនិងកម្ពុជា នឹងបន្តកសាងទំនាក់ទំនងល្អជាមួយគ្នា ។
ការបង្ហាញជំនឿជឿជាក់នេះធ្វើឡើងក្នុងឱកាស ឧត្តមសេនីយ៍ទោ ទីម៉ូធី ចូលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលេចពីទំនាក់ទំនងការទូតរវាងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមស្វែងរកសន្តិភាពនៅកម្ពុជានាទសវត្សន៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការរួមចំណែកអភិវឌ្ឍកម្ពុជាលើច្រើនវិស័យ។
ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ពិសេសការបំពេញទស្សនកិច្ចរបស់លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅកម្ពុជា កន្លងទៅ។
លោកអគ្គមេបញ្ជាការ បានស្នើដល់ភាគីកងទ័ពសហរដ្ឋអាមេរិកជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរព័ត៌មានរួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនក្នុងទឹកដីកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រភេទទ័ពនិងប្រភេទទ័ព។
ជាកិច្ចឆ្លើយតបឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន បានសម្ដែងនូវក្តីរំភើបរីករាយចំពោះការមកដល់ព្រះរាជាណាចក្រកម្ពុជា ទឹកដីអង្គរដ៏ស្រស់ស្អាត។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ពីគោលបំណងនៃដំណើរបំពេញទស្សនកិច្ចនេះ គឺដើម្បីបន្តអនុវត្តខ្លឹមសារបួនចំណុចដែលលើកឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកន្លងទៅ រួមមាន៖ ការបណ្ដុះបណ្ដាលកងកម្លាំងថែរក្សាសន្តិភាព ការងារដោះមីន ការងារមនុស្សធម៌ និងការងារសង្គ្រោះគ្រោះអន្តរាយ។
លោកឧត្តមសេនីយ៍ទោ ទីម៉ូធី បានសម្ដែងនូវការជឿជាក់ថា «ទៅថ្ងៃអនាគតប្រទេសទាំងពីរ សហរដ្ឋអាមេរិកនិងកម្ពុជា នឹងបន្តកសាងទំនាក់ទំនងល្អជាមួយគ្នា ក៏ដូចជាបន្តធ្វើការហ្វឹកហ្វឺនរួមគ្នា តាមខ្លឹមសារដែលបានលើកឡើងបួនចំណុចដោយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក» ៕