ព័ត៌មានជាតិ

ប្រធានសភា ពាណិជ្ជកម្មអឺរ៉ុប ប្ដេជ្ញាទាក់ទាញ វិនិយោគិនអឺរ៉ុប បន្ថែមទៀត​ មកកម្ពុជា

ភ្នំពេញ ៖ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ប្តេជ្ញាបន្តផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងធុរកិច្ចរបស់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិនអឺរ៉ុប មកកម្ពុជា បន្ថែមទៀត ។

ការប្តេជ្ញារបស់លោកប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ​ នៃក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងឱកាសនេះ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានអបអរសាទរ ចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

លោកប្រធានសភាពាណិជ្ជកម្ម បានរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពការងារសំខាន់ៗ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងថ្លែងអំណរគុណ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលតែងបានផ្ដល់ ការគាំទ្រ និង កិច្ចសហប្រតិបត្តិការល្អប្រសើរ ដល់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កន្លងមក។

លោកប្រធានសភា ពាណិជ្ជកម្ម ក៏បានថ្លែងកោតសរសើរចំពោះការកែទម្រង់ ក្របខ័ណ្ឌគោលនយោបាយ និងវិធានគន្លឹះជាច្រើន ដែលរាជរដ្ឋាភិបាល បានដាក់ចេញ សំដៅធ្វើឱ្យបរិយាកាសវិនិយោគ នៅកម្ពុជា​ កាន់តែល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ។ ក្នុងន័យនេះ លោកប្រធានសភា ពាណិជ្ជកម្មបានប្ដេជ្ញា បន្តផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងធុរកិច្ចរបស់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិនអឺរ៉ុប មកកម្ពុជា បន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជានិងសហភាពអឺរ៉ុប ព្រមទាំងអរគុណ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលបានរួមចំណែក ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានចែករំលែកបន្ថែមជូន គណៈប្រតិភូអំពីយន្តការ និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាស វិនិយោគ និងធុរកិច្ច និងធានាបាននូវភាព ប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងការយកចិត្តទុកដាក់លើការធ្វើឌីជីថលូបនីយកម្ម នៅតាមក្រសួង-ស្ថាប័នរបស់កម្ពុជា សំដៅបង្កើនទំនាក់ទំនង និងប្រសិទ្ធភាព ក្នុងការផ្តល់សេវាឱ្យកាន់តែល្អប្រសើរថែមទៀត ដល់វិស័យឯកជន ។

សម្ដេចធិបតី និងតំណាងគណៈប្រតិភូ បានផ្លាស់ប្ដូរយោបល់អំពីការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការវិនិយោគ និងវិស័យសក្តានុពលមួយចំនួន នៅកម្ពុជា មានជាអាទិ៍៖ ការដឹកជញ្ជូន និងឡូជីស្ទីក ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថាមពល និងទេសចរណ៍ ។

សូមបញ្ជាក់ថា កម្ពុជាបានបើកចំហរទទួលការវិនិយោគ​ ពីគ្រប់ប្រទេសទាំងអស់ នៅលើសកលលោក ជាមួយគ្នានេះតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តខិតខំកៀរគរវិនិយោគិន មានសក្ដានុពលពីប្រទេសនានា រួមទាំងសហភាពអឺរ៉ុបផងដែរ៕

To Top