មណ្ឌលគិរី ៖ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី បើកយុទ្ធនាការផ្សព្វផ្សាយ«ពន្លកបៃតង» គម្រោងរេដបូក កែវសីមា និងមានការចូលរួមពីលោក ងិន សុវិមាន អភិបាលរង ខេត្តមណ្ឌលគីរី លោក នេត្រ វិបុល នាយករងអង្គការ WCS មន្ទីររាជការចំណុះមន្ទីរបរិស្ថាន ខេត្តមណ្ឌលគីរី មន្ទីរស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ កងកម្លាំងទាំង៣ប្រភេទ សិស្សានុសិស្ស ព្រមទាំងអ្នកសារព័ត៌មានជាតិ ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-03-45-1024x682.jpg)
លោក ជួប ប៉ារីស៍ បានថ្លែងឱ្យដឹងថា ការបើកយុទ្ធនាការផ្សព្វផ្សាយ «ពន្លកបៃតង» គម្រោងរេដបូក កែវសីមា នាថ្ងៃនេះ ជាមួយអ្នកសារព័ត៌មានជាតិ ចំនួន២៥ស្ថាប័ន ដើម្បីបង្ហាញជូនពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ តាមតំបន់ការពារធម្មជាតិ ព្រមជាមួយការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-03-50-1024x682.jpg)
សូមបញ្ជាក់ថា រេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិ កាត់បន្ថយការ បំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ ។ រេដបូកមានគោលបំណងធំៗពីរគឺ ការពារព្រៃឈើឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-03-53-1-1024x682.jpg)
លោក ជួប ប៉ារីស៍ បានគូសបញ្ជាក់ថា កន្លងមកថ្មីៗនេះ ក្រសួងបរិស្ថានបានរៀបចំវេទិកាពិនិត្យសុពលភាពផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ឆ្នាំ២០២៤-២០៣៣ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការស្វែងរករួមគ្នានូវអនាគតដែលបៃតងជាងមុន កាន់តែធន់ និងដែលមាននិរន្តរភាព សម្រាប់ប្រទេសជាតិរបស់យើង។
កម្ពុជាមានការប្តេជ្ញាយ៉ាងមោះមុត ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគត ដែលអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការ ប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន ។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ យើងបាននិងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ផ្តល់ជាមូលដ្ឋានគ្រឹះមួយ នៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ការងារ គ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់វប្បធម៌ នៃការរស់នៅប្រកបដោយនិរន្តរភាព ក្នុងចំណោមប្រជាពលរដ្ឋយើង។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-03-57-1024x682.jpg)
លើសពីនេះ យុទ្ធសាស្ត្រចក្រា ក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលបានអនុម័ត រួចមកហើយ ដោយផ្តោតលើសសរស្តម្ភទាំងបី សម្រាប់ប្រទេសជាតិយើង ៖ ប្រជាជនកម្ពុជាស្អាត បៃតង និងនិរន្តរភាព ដែលធានាបាននូវការឆ្លើយតបខាងវិស័យបរិស្ថានស្អាត អនាម័យបរិស្ថានល្អប្រសើរ ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងធានាកាទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-04-01-1024x682.jpg)
គោលដៅចុងក្រោយ របស់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺសម្រេចបាននូវសេចក្តីប្រាថ្នា ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-04-05-1024x682.jpg)
ជាមួយគ្នានេះ លោក ជួប ប៉ារីស៍ បានសង្កត់ធ្ងន់ថា យើងមានគោលបំណង បន្តធ្វើការជាមួយគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការកសាងសមត្ថភាពចម្រុះ រួមទាំងអ្នកសារព័ត៌មាន ដែលមូលធនមនុស្សយ៉ាងសំខាន់ ដែលគាំទ្រ ដល់គោលនយោបាយ និងការគ្រប់គ្រងធនធានធម្មចាតិ និងបរិស្ថានប្រកប ដោយនិរន្តរភាពនៅថ្ងៃអនាគត។ យើងប្រឹងប្រែងរួមគ្នា ដើម្បីកម្ពុជាស្អាត បៃតង និងចីរភាព។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-04-09-1024x682.jpg)
សូមបញ្ជាក់ថា នៅក្នុងឱកាសផ្សព្វផ្សាយពន្លកបៃតង ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលខេត្ត អ្នកសារព័ត៌មាន និងសិស្សានុសិស្ស បានចូលរូមដាំដើមឈើ និងដើមត្នោត ជានិមិត្តរូបមួយចំនួន។ គណៈអធិតី បានប្រគល់កូនត្នោតចំនួន៣០០ ដើម ជូនអាជ្ញាធរស្រុកកែវសីមា ដាំតាមភូមិសាស្រ្តជាប់ព្រំដែន កម្ពុជា វៀតណាម ដើម្បីបង្កើនគម្របបៃតង ដើម្បីជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និជួយការពារធនធានធម្មជាតិ និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជា៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-04-13-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-21_16-04-17-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)