ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣ កញ្ញានេះ បានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តមណ្ឌលគីរី ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ផ្លូវបេតុង អបប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ ។
ការចុះពិនិត្យនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក បានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងការធ្វើទស្សនកិច្ច មើលបង្គោលព្រុំដែនលេខ ៦៥ ឡាប៉ាខេ (កម្ពុជា-វៀតណាម) ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវ សីមា ខេត្តមណ្ឌលគីរី។
កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ជាបណ្តើរៗ នារសៀលថ្ងៃទី២៣កញ្ញានេះ ហើយការចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ពីសំណាក់លោក ឃួង ស្រេង ធ្វើឡើងដើម្បីស្វែងរកមូលហេតុ ឈានទៅរកការទប់ស្កាត់កុំអោយបាក់បន្ត និងការបញ្ជៀសនូវហានិភ័យផ្សេងៗ ចំពោះប្រជាពលរដ្ឋអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតំបន់នេះ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ឃួង ស្រេង ចុះពិនិត្យ បានណែនាំអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការបុកស៊ីផាយ ជាបន្ទាន់ជាមួយនិងការជួសជុលកំណាត់ផ្លូវ ដែលបាក់ស្រុតនេះឡើងវិញ។
លោកសាំ ពិសិដ្ឋ ឱ្យដឹងថា កំណាត់ផ្លូវបេតុង ដែលបាក់ស្រុតនេះមាន (ប្រវែង ១៤៦ម៉ែត្រ ទទឹង ៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះ ដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្ដាលអោយទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង៕