ភ្នំពេញ៖ លោក ហ្សិនប៊ែក គូឡូបេវ រដ្ឋមន្ត្រីក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន បានបង្ហាញចេតនាស្វាគមន៍និស្សិតកម្ពុជា ទៅសិក្សាផ្នែកសុខាភិបាលនៅកៀហ្ស៊ីស៊ីស្ថាន ដោយកៀហ្ស៊ីស៊ីស្ថានមានជំនាញ និងបានទទួលនិស្សិតមកពីប្រទេសជាច្រើនក្នុងវិស័យនេះ ។
ការបង្ហាញការស្វាគមន៍និស្សិតកម្ពុជា ទៅសិក្សានេះធ្វើឡើងក្នុងឱកាសលោក ហ្សិនប៊ែក គូឡូបេវ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតលើកទី៧៩ របស់ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។
ក្នុងជំនួបនោះដែរ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីការលើកកម្ពស់ ទំនាក់ទំនងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
លោក ហ្សិនប៊ែក គូឡូបេវ បានបង្ហាញចេតនាស្វាគមន៍និស្សិតកម្ពុជា សិក្សាផ្នែកសុខាភិបាលនៅកៀហ្ស៊ីស៊ីស្ថាន ដោយកៀហ្ស៊ីស៊ីស្ថានមានជំនាញ និងបានទទួលនិស្សិតមកពីប្រទេសជាច្រើនក្នុងវិស័យនេះ ។
នៅឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោក ហ្សិនប៊ែក គូឡូបេវ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ និងបានឯកភាពគ្នាក្នុងការរៀបចំ កិច្ចប្រជុំទ្វេភាគីឱ្យបានឆាប់។
សូមបញ្ជាក់ថា សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ជាប្រទេសដែលមានទីតាំង ស្ថិតនៅតំបន់អាស៊ីកណ្តាល មានប្រជាជនចំនួនប្រមាណ៧លាននាក់ និងបានភ្ជាប់ទំនាក់ទំនងការទូត ជាមួយកម្ពុជានៅឆ្នាំ១៩៩៥ ៕