ស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយតឿ និងលោកម៉េង សាន នៅព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញនាំទេយ្យទាននិងបច្ច័យមកកាន់បិណ្ឌវេនទី៧នៅវត្តមុនីសិលា ហៅវត្តឡ ក្រុងស្វាយរៀង។
ឱកាសនោះលោកសរ សុដានី បានថ្លែងថា ថ្ងៃនេះគឺជាបិណ្ឌទី៧ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង បានមកកាន់បិណ្ឌនៅវត្តមុនីសិលា ហៅវត្តឡ ក្រុងស្វាយរៀង ដើម្បីរាប់បាត្របង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ហើយក៏បានឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ផងដែរ។
លោកបានបន្តថា បច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តី សុខសុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ដូច្នេះហើយទើបពួកគាត់អាចមានលទ្ធភាព ធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗបាន។
លោកបានបញ្ជាក់ទៀតថា ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាល ដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរឱ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។
គូររំលេចថា ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃពិធីបុណ្យប្រពៃណី ជាតិខ្មែរ ហើយប្រជាពលរដ្ឋកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ដល់ថៃ្ងទី ១៥រោច ខែភទ្របទ មានរយៈពេល១៥ថៃ្ង ហើយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤ រោច ហៅថាជាពិធីបុណ្យកាន់បិណ្ឌ និងថៃ្ង១៥រោច ជាពិធីបុណ្យភ្ជុំបិណ្ឌ៕