ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋមានអាយុ ១៥ឡើង និងប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ អញ្ជើញទៅបំពេញបែបបទស្នើសុំ អត្តសញ្ញាណប័ណ្ណថ្មី។
តាមរយៈសេចក្ដីជូនព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថ្មីៗនេះ បានឱ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់ បញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ ដើម្បី ប្រើប្រាស់ក្នុងការស្នើសុំសេវា ទទួលបាននូវសិទ្ធិ និងផលប្រយោជន៍នានា តាមការកំណត់នៃច្បាប់។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ដថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង។ កន្លងមក មានប្រជាពលរដ្ឋ ខ្មែរជិត ១៣លាននាក់ បានបំពេញបែបបទ និងទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រើប្រាស់រួច ទៅហើយ។ ក្នុងចំណោមនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួន បានផុតសុពលភាពជាបន្តបន្ទាប់។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា «ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជូនព័ត៌មានដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផ សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ សូមអញ្ជើញទៅបំពេញបែបបទ ស្នើសុំអត្តសញ្ញាណប័ណ្ណ»។
សូមបញ្ជាក់ថា ទីតាំងធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចជា៖ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់, នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ, នៅស្នងការដ្ឋាននគរបាលរាជធានី ខេត្ត, នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខណ្ឌច្បារអំពៅ, នៅស្នាក់ការផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអនម៉ល២ ខណ្ឌសែនសុខ ៕