ភ្នំពេញ៖ ថ្លែងទៅកាន់ សិស្សានុសិស្ស នៃសាលាអន្តរជាតិស៊ីលីត» នៅរាជបណ្ឌិតសភាកម្ពុជា លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បន្ថែមពីលើការបណ្តុះបណ្តាលចំណេះទូទៅ នៅតាមគ្រឹះស្ថានរដ្ឋ និងឯកជនសិស្សានុសិស្ស ត្រូវទទួលការបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ដូចជាការរៀនប្រើប្រាស់កុំព្យូទ័រជាដើម ដើម្បីដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល ដែលជារបត់មួយថ្មី ក្នុងបរិបទឧស្សាហកម្ម ៤.០។
ការលើកឡើងរបស់ លោក កើត ឆែ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង«ពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរ ជូនដល់សិស្សានុសិស្ស ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអន្តរជាតិស៊ីលីត» នៅរាជបណ្ឌិតសភាកម្ពុជា។
ក្នុងឱកាសនេះ លោក កើត ឆែ បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ ក្នុងការកសាងមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមជាតិ ដើម្បីសម្រេចបាន នូវគោលដៅ កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនោះលោក កើត ឆែ គូសបញ្ជាក់ថា “ការអប់រំកម្រិតចំណេះទូទៅ នៅតាមគ្រឹះស្ថានរដ្ឋ និងឯកជន ត្រូវអនុវត្តនូវស្តង់ដាររួមតែមួយ ពោលគឺការយកចិត្ត ទុកដាក់លើចំណេះដឹង សីលធម៌ គុណធម៌ ឥរិយាបថ ចេះគោរព ចាស់ទុំ ព្រឹទ្ធាចារ្យ ជាដើម ។ បន្ថែមលើនេះ សិស្សានុសិស្សក៏នឹងត្រូវទទួលនូវការបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ដូចជាការរៀនប្រើប្រាស់កុំព្យូទ័រ ដើម្បីដើរឱ្យទាន់ការ វិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល ដែលជារបត់មួយថ្មី ក្នុងបរិបទ ឧស្សាហកម្ម ៤.០”។
លោកបានបន្តទៀតថា «សន្តិភាព» ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ដូច្នេះត្រូវចូលរួមថែរក្សា «សន្តិភាព»ទាំងអស់គ្នា ដើម្បីការអភិវឌ្ឍ និងភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង។
សូមរំលឹកថា សាលា អន្តរជាតិ អ៊ីលីត បានចាប់ផ្តើម បង្កើតឡើងនៅ ឆ្នាំ២០១៧ មានទីតាំងនៅអគារលេខ៥១៤ ផ្លូវវេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ សាលា អន្តរជាតិ អ៊ីលីត បានដំណើរការ អស់រយៈពេល ៧ឆ្នាំ ៤ខែហើយ ដែលមានសិស្សសិក្សាសរុបទាំងអស់ចំនួន ៧៨០នាក់ ព្រមទាំងគ្រូបង្រៀនជាតិ និងអន្តរជាតិចំនួន ៧២នាក់។ បង្រៀន៣ភាសា និង៣កម្មវិធី នោះគឺកម្មវិធីសិក្សាចំណេះដឹងទូទៅភាសាខ្មែរ,កម្មវិធីសិក្សាថ្នាក់អន្តរជាតិនិងកម្មវិធីសិក្សា ថ្នាក់ក្រៅម៉ោង មានអង់គ្លេស ចិន និង Computer ។
គួរបញ្ជាក់ថា សិស្សានុសិស្ស នៃសាលាអន្តរជាតិស៊ីលីត ដែលទទួលវិញ្ញាបនបត្រ និងបណ្ណសរសើរមានចំនួន ១៨៦ រូប ក្នុងនោះ ជ័យលាភីពីលេខ១ ដល់លេខ៣ ចំនួន ៩៤ រូប ចាប់ពីកម្រិតបឋម ដល់ថ្នាក់ទី១១៕