ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ លំដាប់ពិភពលោករបស់អាមេរិក ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគ ពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_10-58-21-1024x576.jpg)
ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសលោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជារួមមានពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Jeff Hogue ប្រធានផ្នែកនិរន្តរភាព និងសហការី តំណាងក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោករបស់អាម៉េរិក ហើយត្រូវបានគេស្គាល់ឈ្មោះ ក្រោមម៉ាកសញ្ញា Levi’s កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_10-58-18-1024x576.jpg)
តាមរយៈជំនួបនាឱកាសនេះ តំណាងក្រុមហ៊ុន Levi Strauss & Co ក៏បានបង្ហាញការស្វាគមន៍ជូនដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីសវតារបស់ក្រុមហ៊ុន និងតម្រូវការនានាដែលជាមូលដ្ឋាន ដល់ការសម្រេចចិត្តដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ដូចជាការប្រើប្រាស់ថាមពលស្អាត សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_10-58-12-1024x731.jpg)
ស្របតាមការលើកឡើងខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា តាមរយៈកិច្ចសម្របសម្រួលលើការងារវិនិយោគពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដែលអាចធានាបាននូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះបំផុត។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_10-58-06-1024x731.jpg)
ជាមួយប្រធានបទនៃការវិនិយោគក្នុងវិស័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពការផលិត និងផ្គត់ផ្គង់ថាមពលនៅប្រទេសកម្ពុជា ដែលក្នុងនោះ ៦២% នៃថាមពលសរុប ដែលបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ គឺជាប្រភេទថាមពលស្អាត និងកកើតឡើងវិញ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)