ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើភាគីចិន បន្តជួយគាំទ្រ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យមានភាពធន់ទៅនឹង បម្រែបម្រួលអាកាសធាតុ។

ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយសមភាគី លោក Li Xiaopeng រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនចិន នៅទីស្តីការក្រសួងដឹកជញ្ជូនចិន ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ នាឱកាសអញ្ជើញដឹកនាំ គណៈប្រតិភូចូលរួមវេទិកាសកល ស្តីពីការដឹកជញ្ជូនប្រកបដោយ និរន្តភាពនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ប៉េង ពោធិ៍នា បានលើកឡើងពីចំណងមិត្តភាពត្បូងពេជ្ររវាងប្រទេសទាំងពីរ និងតួនាទីដ៏សំខាន់របស់ ប្រទេសចិនក្នុងការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការ អភិវឌ្ឍនៅប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យភាគីចិន បន្តជួយគាំទ្រនិងកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។

លោក Li Xiaopeng បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងទាំងពីរនាពេលកន្លងមក និងសន្យាបន្តឱ្យកាន់ តែប្រសើរឡើងនាពេលអនាគត។

នាឱកាសនៃជំនួបនោះ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ បានឯកភាពគ្នាបង្កើតក្រុមការងារ សម្រាប់ពិនិត្យឡើងវិញលើ អនុស្សារណៈយោគយល់ រវាងក្រសួងទាំងពីរ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៧ ក្នុងគោលដៅ ពង្រីកកិច្ចសហប្រតិបត្តិការ វិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែរីកចម្រើន និងគ្រប់ជ្រុងជ្រោយស្របតាមការអភិវឌ្ឍនាពេលបច្ចុប្បន្ន៕
