ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវ ឱ្យមានការចូលរួម ឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ។
យោងតាមសារលិខិតអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” (Tourism and Peace) សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ជាការពិត ការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចសង្គមដ៏ចម្បងមួយ សម្រាប់កម្ពុជា គឺទាមទារឱ្យមានការគិតគូរ ឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាល រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ ទៅលើការធានាចីរភាព កំណើននៃវិស័យ ដ៏មានសារៈសំខាន់នេះ”។
ក្នុងនោះ សម្តេចធិបតី បញ្ជាក់ថា “ចំណុចនេះទាមទារ ចាំបាច់ឱ្យមានការបន្តគិតគូរ លើការជំរុញពិពិធកម្មគំនិតច្នៃប្រឌិត នវានុវត្តន៍ ដើម្បីធានាភាពប្រកួតប្រជែង នៃវិស័យទេសចរណ៍កម្ពុជា នៅក្នុងកម្រិតតំបន់ និងសកលលោក។ ជាក់ស្តែង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចជាប្រវត្តិសាស្ត្រ ក្នុងការបើកការដ្ឋានសាងសង់ “ ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការដែលទាំងនេះ ជាសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ សម្រាប់វិស័យទេសចរណ៍ ក៏ដូចជាគោលដៅពហុទេសចរណ៍ថ្មី ដែលនឹងផុសលេចត្រដែតត្រដឹម នៅអមតាមមាត់ព្រែកជីកហ្វូណនតេជោ នាអនាគតដ៏ខ្លីខាងមុខ”។
សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា “សមិទ្ធផលថ្មីសំខាន់ជាច្រើនទៀត បានលេចចេញជារូបរាងបណ្តើរៗ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ជារួមមានព្រលានយន្តហោះអន្តរជាតិថ្មីខេត្តសៀមរាប ខ្នាត 4E ព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុ ដែលទើបតែធ្វើបច្ចុប្បន្នភាពឱ្យត្រូវស្តង់ដាអន្តរជាតិ ដែលមានផ្លូវរត់រហូតដល់ ៣៣០០ ម៉ែត្រ និងជាពិសេសព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ប្រភេទខ្នាតយក្ស 4F ដែលអាចឱ្យគ្រប់ ប្រភេទយន្តហោះទាំងអស់អាចចុះចតបាន ដែលនឹងត្រូវបើកឱ្យដំណើរការក្នុងដំណាក់កាលទី១ នាដើមឆមាស ទី១ នៃឆ្នាំ២០២៥ ខាងមុខដ៏ខ្លីនេះ”។
សាលិខិតរបស់សម្តេចធិបតី គូសបញ្ជក់ថា “ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រីភាគី ពហុភាគីលើគ្រប់វិស័យ រាប់ទាំងវិស័យទេសចរណ៍នេះផង កម្ពុជាតែងតែគោរព ទៅលើគោលការណ៍ សន្តិសហវិជ្ជមាន (Peaceful Coexistence) របស់សហគមន៍អន្តរជាតិ ហើយដែលសកម្មភាពទាំងអស់នេះ បានចូលរួមក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី រួមទាំងលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ” ។
ក្នុងនោះ សម្តេចធិបតី បញ្ជាក់ថា “សូមអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កា ទៅគ្រប់ភាគីពាក់ព័ន្ធ” ។
ជាមួយគ្នានេះ ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” សម្តេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាពទោះ នៅក្នុងតម្លៃណាក៏ដោយ មានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសត្រូវរួមគ្នា អភិរក្សវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ សហគមន៍ទេសចរណ៍ វប្បធម៌ ប្រពៃណី ឧទ្យានជាតិ ព្រៃសហគមន៍ ផ្សោតទន្លេមេគង្គ ព្រៃឈើ ការការពារបរិស្ថាន ការជំរុញបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍ ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទេសចរ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ ជាប្រពៃណីរបស់ប្រជាជន ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ ក្នុងស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការល្អ ជាពិសេសចូលរួមកាន់តែខ្លាំងក្លា ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជា ស័ក្តិសមជាព្រះរាជាណាចក្រអច្ឆរិយៈ និងក្លាយជាគោលដៅទេសចរណ៍លំដាប់ ពិភពលោក៕