ព័ត៌មានជាតិ

ណាហ្គាវើលដ៍បេះដូង សប្បុរស ចូលរួមអបអរ ទិវាសម្អាតពិភពលោក ឆ្នាំ២០២៤ ជាមួយសកម្មភាព ប្រមូលសំរាមជាបន្តបន្ទាប់

ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមអបអរទិវា សម្អាតពិភពលោកឆ្នាំ២០២៤ ដោយបានរៀបចំសកម្មភាព ប្រមូលសំរាមជាច្រើន។ នេះជាកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការគាំពារបរិស្ថាន និងនិរន្តរភាព ក្នុងប្រទេសកម្ពុជា ។ ព្រឹត្តិការណ៍សកលលោកនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅសួនតេជោមាស តេជោយ៉ត ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។

រយៈពេលប៉ុន្មានសប្តាហ៍មុន ការប្រារព្ធទិវាសម្អាតពិភពលោក ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាព ប្រមូលសំរាមជាច្រើន រាប់ចាប់តាំងពីការសម្អាត នៅតាមសហគមន៍រហូត ដល់ការសម្អាត នៅតាមឆ្នេរសមុទ្រក្នុងខេត្តកែប ។ អ្នកចូលរួមប្រមាណ ១៩០ នាក់ រួមមានបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ សិស្សានុសិស្ស និងប្រជាពលរដ្ឋសហគមន៍ បានចំណាយពេល ៤៣០ ម៉ោងស្ម័គ្រចិត្តប្រមូលសំរាមបាន ៧៧៥,៦៥ គីឡូក្រាមតាមរយៈសកម្មភាពទាំងនេះ ។

រយៈពេលប៉ុន្មានសប្តាហ៍មុន ការប្រារព្ធទិវា សម្អាតពិភពលោក ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាព ប្រមូលសំរាមជាច្រើន រាប់ចាប់តាំងពីការសម្អាត នៅតាមសហគមន៍ រហូតដល់ការសម្អាត នៅតាមឆ្នេរសមុទ្រ ក្នុងខេត្តកែប

មានមតិទៅលើគំនិតផ្តួចផ្តើមនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ណាហ្គាវើលដ៍ បេះដូងបេះដូង សប្បុរស មានមោទកភាពដែលបានក្លាយជាផ្នែកមួយ នៃទិវាសម្អាតពិភពលោក ដែលចលនាសកល ដ៏ធំបំផុតនេះ មានគោលបំណង ធ្វើឱ្យភពផែនដី កាន់តែស្អាត និងស្រស់បំព្រង ។ កំណើនប្រជាជនយ៉ាងឆាប់រហ័យស បានបង្កឱ្យមាន សំរាមរឹងយ៉ាងច្រើន ។ ការកើនឡើង នៃសំរាមនេះ មិនត្រឹមតែធ្វើឱ្យលូស្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាទីតាំង នៃប្រភពជំងឺ និងសត្វល្អិតចង្រៃផងដែរ ។ ដោយចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ យើងមានគោលបំណង លើកកម្ពស់ការយល់ដឹង អំពីបញ្ហាសំរាម និងលើកទឹកចិត្ត សហគមន៍ឱ្យជួយសម្អាត” ។

គួរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៧ ក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយអង្គការសម្អាត ទន្លេសមុទ្រសហការ ជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម គឺជាព្រឹត្តិការណ៍ដ៏ធំដែលអ្នកស្ម័គ្រចិត្តចូលរួមប្រមាណជាង ១ លាននាក់។ ព្រឹត្តិការណ៍នេះគាំទ្រដល់ស្មារតី “ខ្មែរធ្វើបាន” ដែលបង្ហាញពីការប្តេជ្ញាចិត្តដើម្បីអនាគតកាន់តែស្រស់ស្អាត និងមាននិរន្តរភាព” ។

បុគ្គលិកស្ម័គ្រចិត្តប្រមាណ ១៩០ នាក់ បានចំណាយពេល ៤៣០ ម៉ោងស្ម័គ្រចិត្ត ប្រមូលសំរាមបាន ៧៧៥,៦៥ គីឡូក្រាម តាមរយៈសកម្មភាព ប្រមូលសំរាមទាំងនេះ

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការ សម្អាតទន្លេសមុទ្រ បានឱ្យដឹងថា “យើងវាយតម្លៃខ្ពស់សម្រាប់ការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុនណាហ្គាវើលដ៍ ជាដើមដែលបានចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីការគ្រប់គ្រងកាកសំណល់ ។ ក្នុងប្រទេសកម្ពុជា មានអ្នកស្ម័គ្រ ចិត្ត រាប់លាននាក់ បានធ្វើការឥតនឿយហត់ ដើម្បីសម្អាតទីក្រុង ក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅនេះ ។ ជំហានបន្ទាប់របស់យើង គឺដោះស្រាយបញ្ហា កាកសំណល់ប្លាស្ទិក នៅក្នុងទន្លេ និងសមុទ្រ ។ ត្រឹមឆ្នាំ២០៣០ ទន្លេសាប ត្រូវបានប៉ាន់ស្មានថានឹងមានសំរាមប្លាស្ទិកប្រមាណ ៥០០.០០០ តោន ដោយក្នុងនោះសំរាមប្រហែល ៨០.០០០ តោន គឺជាសំរាម ដែលចេញពីទីក្រុងភ្នំពេញ ។ វាដល់ពេលហើយ ដែលយើងត្រូវវិនិយោគ ដើម្បីស្វែងរកដំណោះ ស្រាយ សាមញ្ញជាមួយតម្លៃសមរម្យ ដើម្បីរក្សាទឹក របស់យើងឱ្យបានស្អាត” ។

គួរដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០១៨ ណាហ្គាវើលដ៍បេះដូង សប្បុរស បានដើរតួយ៉ាងសកម្ម ក្នុងការលើកកម្ពស់ ការយល់ដឹង អំពីការកាត់បន្ថយ កាកសំណល់ និង ការកែច្នៃឡើងវិញ ។ មកដល់បច្ចុប្បន្ន មានសំរាមជាង ៤ តោន ត្រូវបានប្រមូល តាមរយៈសកម្មភាពប្រមូលសំរាម ជាច្រើននៅ តាមទីតាំងផ្សេងៗគ្នា ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគាំពារបរិស្ថានដែលគាំទ្រដល់គោលដៅបរិស្ថាន និងនិរន្តរភាព របស់ប្រទេសកម្ពុជា ។ បន្ថែមទៅលើសកម្មភាព ប្រមូលសំរាម ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានលើកកម្ពស់ការ សម្អាតកាកសំណល់ឌីជីថលផងដែរ ដែលលើកទឹកចិត្តឱ្យបុគ្គលិក កាត់បន្ថយផលប៉ះពាល់ឌីជីថល ដោយលុបចោលសារអេឡិចត្រូនិក ឯកសារ រូបភាព និងវីដេអដែលមិនចាំបាច់ចេញ ពីឧបករណ៍អេឡិចត្រូនិករបស់ពួកគេ ។

មកដល់បច្ចុប្បន្ន មានសំរាមជាង ៤ តោន ត្រូវបានប្រមូលតាមរយៈសកម្មភាព ប្រមូលសំរាមជាច្រើន នៅតាមទីតាំងផ្សេងៗគ្នា

អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិក ដែលមានការគាំទ្រ ពីក្រុមហ៊ុន ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្ត សម្រាប់សង្គមកម្ពុជា ដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់ វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៥០០.០០០ នាក់បានទទួលប្រយោជន៍ ពីកម្មវិធីទាំងនេះ ៕
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com

To Top