ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB និងសហការី នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សារការងារទ្វេភាគី ជាមួយលោក QIAN WENHUI ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ADBC នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាម៉ានិតចិន ដើម្បីពិភាក្សាលើការងារមួយចំនួន។
ជាកិច្ចចាប់ផ្តើមបណ្ឌិត កៅ ថាច បានសម្តែងនូវសេច ក្តីពេញចិត្ត និងថ្លែងនូវសេចក្តីអរគុណចំពោះ ធនាគារ ADBC ដែលបានគាំទ្រធនាគារ ARDB ក្លាយជាសមជិកក្រុមប្រឹក្សាភិបាល របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (APRACA)និងការ ទទួលរាក់ទាក់យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូរបស់ ធនាគារ ARDB ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត បានជម្រាប និងស្នើសុំទៅកាន់ ភាគីធនាគារ ADBC ៤ចំណុច រួមមាន៖
១.ស្នើសុំធនាគារ ADBC ជាធនាគារអន្តរការី (Corespondent Bank) របស់ធនាគារ ARDB ដើម្បីទូទាត់ប្រាក់ឆ្លងប្រទេស នៅប្រទេសចិន
២.បង្កើតក្រុមការងារសិក្សាស្រាវជ្រាវរួមគ្នា លើការអនុវត្តហិរញ្ញប្បទានបៃតង និងការប្រយុទ្ធប្រឆាំងលើការប្រែប្រួលអាកាសធាតុ និង ការធានាបានការធ្វើកសិកម្មប្រកបដោយចីរភាព , កសិកម្មវ័យឆ្លាត និងធុនអាកាសធាតុ (Sustainable Agriculture and climate smart and resilient agriculture)
៣.អំពីការចុះអនុស្សរណៈយោគយល់គ្នា រវាងធនាគារទាំងពីរ នៅពេលខាងមុខ
៤.បង្កើតកម្មវិធីផ្តាស់ប្តូរបុគ្គលិក រវាងធនាគារទាំងពីរ ដើម្បីផ្តាស់ប្តូរបទពិសោធន៍ការងារ និងចំណេះដឹង និងការចូលរួមសិក្សាស្រាវជ្រាវនៅនៅមជ្ឈមណ្ឌល (Center of excellence) របស់ APRACA នៅ ធនាគារ ARDB ដោយផ្តោតសំខាន់លើ ហិរញ្ញប្បទាន បៃតង ។
លោក QIAN WENHU បានបង្ហាញ នូវការគាំទ្រ សម្រាប់អ្វីដែល ភាគី ARDB បានលើក និងស្នើឡើង មកកាន់ធនាគារ ADBC ។ លោកក៏បានបន្ថែមទៀតថា បេសកកម្ម របស់ធនាគារ ADBC និងធនាគារ ARDB ដូចគ្នា ពោលគឺការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ ដូចនេះជំហានបន្ទាប់ លោកយល់ស្របជាមួយ ធនាគារ ARDB ដើម្បីបង្កើតក្រុមការងាររួម ដើម្បីសិក្សា លើការស្នើសុំរបស់ភាគី ARDB ដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នា រវាងភាគីទាំងពីរនាពេលខាងមុខនេះ។
កិច្ចពិភាក្សាបានបញ្ចប់ដោយរលូន និងទទួលបានផ្លែផ្កា គួរឲ្យកត់សម្គាល់។ ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានធ្វើការអញ្ជើញ ថ្នាក់ដឹកនាំរបស់ ធនាគារ ADBC ធ្វើទស្សនកិច្ច និងពិភាក្សាការងារ នៅធនាគារ ARDB ផងដែរ ៕