ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំអាជ្ញាធរបង្កើនកិច្ចការពារសុវត្ថិភាពជូនពលរដ្ឋ និងទេសចរ អំឡុងបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។

ការណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី បានឱ្យដឹងថា សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។

សម្តេចធិបតីថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៩៧គ្រឿង ពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា និងរថយន្តក្រុងចំនួន ៥៦គ្រឿងផ្សេងទៀត ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន ដោយឥតគិតថ្លៃ ដោយ សម្តេច បាន ស្នើឱ្យការផ្តល់ជូននេះគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤៕

To Top