ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខរថយន្ដ JETOUR របស់ក្រុមហ៊ុន KNN Cambodia

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) បានរៀបចំនូវសន្និសីទសារព័ត៌មាន ស្តីពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR ពីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសជាសាធារណៈ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR របស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នៅប្រទេសកម្ពុជា ។

សន្និសីទសារព័ត៌មាននៅទីស្នាក់ការក្រុមហ៊ុន នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ធ្វើឡើងក្រោមវត្តមានលោក អ៉ឹង ម៉ុយហ្គេច នាយកប្រតិបត្តិ ប្រតិបត្តិការនៃក្រុមហ៊ុន JETOUR Cambodia, លោកស្រី នុត រ័ត្នចិត្រា ជំនួយការប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KNN Cambodia និងលោក Zhang Ming (Gary) អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Jetour Auto ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន និងអ្នកសារព័ត៌មានជាច្រើនផងដែរ ។

យោងតាមលិខិតកត់ត្រាទទួលស្គាល់ សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខលេខ ៣១៤៩ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលស្គាល់ ក្រុមហ៊ុន KNN Cambodia គឺជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ នាំចូលចែកចាយនូវរថយន្ត គ្រឿងបន្លាស់ និងសេវាកម្មម៉ាក JETOUR គ្រប់ម៉ូដែលទូទាំងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ ក្នុងការប្រើប្រាស់ ឬចាត់ចែងផ្តល់សិទ្ធិប្រើប្រាស់ ផ្សព្វផ្សាយ និងការលើកស្លាកសញ្ញា JETOUR នៅប្រទេសកម្ពុជា ។

លោក អ៉ឹង មុយហ្គេច បានគូសបញ្ជាក់ថា “ក្រុមហ៊ុន KNN Cambodia គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR តែមួយគត់នៅកម្ពុជា ។ ដូចនេះសម្រាប់អ្នកនាំចូល និងចែកចាយរថយន្ត JETOUR ខុសច្បាប់ ក្រុមហ៊ុន KNN Cambodia នឹងសហការជាមួយអាជ្ញាធរ និងក្រសួងមានសមត្ថកិច្ច អនុវត្តន៍នីតិវិធីផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយដែលរំលោភបំពានលើសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន KNN Cambodia» ។

លោកបន្ថែមទៀតថា JETOUR គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតដំបូងកាលពីឆ្នាំ១៩៩៧ ហើយត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនយក្សទាំង ៥ របស់ចិន ដែលមានប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥,០០០មុខ ជំនាញខាងផលិតរថយន្ដ និងម៉ាស៊ីន ពិសេសឆ្នាំ២០១២ Chery Holding បាន Join Venture ជាមួយម៉ាកយីហោរថយន្ដប្រណីតដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ ក្រោមភាគហ៊ុន ៥០% ម្នាក់ ក្នុងការផលិត និងដំឡើងរថយន្ដសម្រាប់ចែកចាយទូទាំងពិភពលោក ។

ដូច្នេះម៉ាកសញ្ញា JETOUR នេះ គឺផលិតឡើងដោយបច្ចេកវិទ្យាអាល្លឺម៉ង់ គុណភាពអាល្លឺម៉ង់ ហើយក៏កំពុងតែឆ្លើយតបនឹងនិន្នាការនៃការប្រើប្រាស់របស់អតិថិជន JETOUR គឺជាម៉ាកសញ្ញា តំណាងឲ្យភាពស៊ីវិល័យ បច្ចេកវិទ្យាវ័យឆ្លាត និងតម្លៃសមរម្យ សម្រាប់ទីផ្សារថយន្ដកម្ពុជា ។ បច្ចុប្បន្នក្រុមហ៊ុន KNN បាននាំចូលផ្ដាច់មុខរថយន្ដ JETOUR ជាច្រើនម៉ូដែលមានដូចជា Dashing, T2, X50, X70, X70 Pluses, X90, X95 និងម៉ូដែលថ្មីៗជាច្រើនទៀត នាពេលខាងមុខ ។ លោក អ៉ឹង ម៉ុយហ្គេច បន្ថែម ។

ឆ្លៀតឱកាសនោះ លោក Zhang Ming បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត JETOUR ស្ថិតក្រោមក្រុមហ៊ុន Chery Holding Group គឺជាសម្ព័ន្ធក្រុមហ៊ុនដែលនាំចេញរថយន្តច្រើនជាងគេ Top 2 ទូទាំងពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាជាពិសេសទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក បានចាប់ផ្តើមបោះជំហ៊ានចូលទីផ្សារកម្ពុជាជាផ្លូវការនាចុងឆ្នាំ២០២៣ នេះ តាមរយៈការផ្តល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខទៅក្រុមហ៊ុន KNN Cambodia ។

លោកបន្ថែមថា ការជ្រើសរើសក្រុមហ៊ុន KNN Cambodia ជាក្រុមហ៊ុនផ្តាច់មុខនេះ JETOUR AUTO គឺបានសិក្សាយ៉ាងល្អិតល្អន់ និងតឹងរឹងបំផុតទៅលើគុណសម្បត្តិរបស់ក្រុមហ៊ុនដែលជាដៃគូសហការ ក្នុងនោះដែរ KNN គឺជាក្រុមហ៊ុនដែលមានកិត្យានុភាព និងបទពិសោធន៍ច្រើនជាង២០ឆ្នាំលើការចែកចាយគ្រឿងចក្រធុនធ្ងន់នៃកម្ពុជា ក៏ជាក្រុមហ៊ុនដែលពោលពេញដោយទំនួលខុសត្រូវទៅលើការផ្តល់សេវាធានា គ្រឿងបន្លាស់ ការបំពេញចិត្ត និងរក្សាគុណភាពខ្ពស់ទៅអតិថិជន ។

គួរដឹងថា រាល់ការជាវរថយន្ត JETOUR ចេញពី JETOUR Cambodia អតិថិជននឹងទទួលបាននូវទំនុកចិត្តពីប្រភពនៃរថយន្តគឺព្រោះថា ក្រុមហ៊ុន KNN Cambodia មានការសិក្សាស៊ីជម្រៅ និងជ្រើសយក Spec រថយន្តដែលតម្រូវនឹងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការធានាស្តង់ដារខ្ពស់ពីរោងចក្រ JETOUR ដល់ទៅ ៥ឆ្នាំ ឬ ១៥ម៉ឺនគីឡូ។ ជាពិសេសអតិថិជន និងទទួលបាននូវការធានាសេវាកម្មក្រោយការលក់យ៉ាងត្រឹមត្រូវបំផុតពី Jetour Cambodia ជាមួយនូវប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុលដោយបច្ចេកវិទ្យាខ្ពស់បំផុត (High Tech) ការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ក្រុមជាងបច្ចេកទេសជំនាញដែលបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JETOUR ទាំងនេះគឺដើម្បីធានាអោយបាននូវគុណភាពនៃការប្រើប្រាស់ ការធានា និងទំនុកចិត្តនៃការបើកបររបស់អ្នកប្រើប្រាស់ ។

ដើម្បីជួយសម្រួលដល់អតិថិជន ក្នុងការទិញរថយន្ត JETOUR គ្រប់ម៉ូដែល អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័សនៅទីតាំងផ្ទាល់ ជាពិសេសដើម្បីបអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុនក៏នឹងមានប្រូម៉ូសិនបញ្ជុះតម្លៃ ២០០០ដុល្លា ព្រមទាំងកាតសាំងបន្ថែមចំនួន ៥០០ដុល្លារទៀត ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 𝟎17 713 713 ៕

To Top