នៅល្ងាចថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤នេះ ស្ថាប័នកំពូលៗ របស់កម្ពុជា រួមទាំងរដ្ឋសភា និងរាជរដ្ឋាភិបាល បានរួមគ្នាជាមួយស្ថានទូចិន ប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នារាជធានីភ្នំពេញ ។
តំណាងរាជរដ្ឋាភិបាល លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ នាពេលនោះថា ក្នុងរយៈពេល៧៥ឆ្នាំមកនេះ ក្រោមការដឹកនាំ របស់បក្សកម្មុយនីស្តចិន ប្រទេសចិនបានសម្រេច នូវសមិទ្ធផលអភិវឌ្ឍន៍ជាតិ យ៉ាងធំធេង លើគ្រប់វិស័យនិងប្រកបដោយគុណភាពខ្ពស់ ។ លោក សូមអបអរសាទរ នូវការសម្រេចបាននូវគោលដៅ ១០០ឆ្នាំទី១របស់ចិន នៅឆ្នាំ២០២១ គឺការកសាងសង្គមប្រកបដោយវិបុលភាព ហើយឯកឧត្តមមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំបក្សកុម្មុយនីស្តចិន ដែលមានប្រធានរដ្ឋចិន Xi Jinping ជាស្នូល ប្រទេសចិននឹងទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការអភិវឌ្ឍប្រទេស ជាពិសេស ការសម្រេចបានគោលដៅ ១០០ឆ្នាំទី២ គឺការកសាងប្រទេសចិន ឲ្យក្លាយជាប្រទេស សង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩ ដែល នឹងក្លាយជាខួប១០០ឆ្នាំ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន ។
លោកបានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន ចិនបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ របស់ពិភពលោក»។

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ដែរថា ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ៧៥ឆ្នាំមកនេះ បានធ្វើឲ្យពិភពលោក បានទទួលស្គាល់ចិនកាន់តែច្បាស់ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងពិភពលោក ដែលមិនអាចខ្វះតួនាទី របស់ចិនបានទេ ព្រោះចិនមានតួនាទីសំខាន់ ក្នុងនយោបាយ សម្រាប់ពិភពលោក ដែលប្រកាន់ខ្ជាប់នូវចរន្តពហុគោល។ ក្រៅពីនេះ ចិនមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ច ព្រោះគ្មានប្រទេសណាបដិសេធ មិនធ្វើសេដ្ឋកិច្ច ជាមួយប្រទេសចិននោះដែរ។

លោកបានបន្តថា មិត្តភាពដែកថែបឈានដល់ត្បូងពេជ្រ រវាងកម្ពុជានិងចិន គឺពិតរឹងមាំ ហើយការរៀបចំពិធី អបអរសាទររូមគ្នា បានបង្ហាញពីការរឹតចំណងមិត្តភាពទំនាក់ទំនងដ៏ស្អិតរមូត រវាងប្រទេសទាំងពីរ ។ លោក មានសុទិដ្ឋនិយមថា ទំនាក់ទំនងនេះពិតជាផ្តល់ប្រយោជន៍ទាំងសងខាង ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ អំពីភាពជោគជ័យ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៧៥ឆ្នាំមកនេះ ដែលមានការប្រែប្រួលមុខមាត់ដ៏ខ្លាំងក្លា ក្រោមការដឹកនាំ របស់បក្សកម្មុយនីស្តចិន។ ឯកឧត្តមជឿជាក់ថា ការរីកចម្រើនរបស់ចិន នឹងជំរុញបុព្វហេតុចំណងមិត្តភាព រវាងចិននិងកម្ពុជា ជាមួយនឹងការគោរពដ៏ខ្ពង់ខ្ពស់ និងអំណរគុណដ៏ស្មោះត្រង់។

លោកបានគូសបញ្ជាក់ថា ស្ថានទូតចិននឹងបន្តកិច្ចសហការ ជាមួយគ្រប់ស្ថាប័នរបស់កម្ពុជា ដើម្បីពង្រឹងនិងពង្រីក ចំណងមិត្តភាព រវាងប្រទេសទាំងពីរ ឲ្យឈានឡើងដល់កម្រិតថ្មីមួយទៀត ។ ភាគីចិននឹងផ្តល់ការគាំទ្រដល់ភាគីកម្ពុជា ក្នុងការសម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០៣០ និង ចក្ខុវិស័យ ឆ្នាំ២០៥០ ហើយសហការជាមួយភាគីកម្ពុជា ដើម្បីកសាងសហគមវាសនារួម ក្នុងយុគសម័យថ្មី ដែលមានគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់បំផុត៕
