ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សន្តិភាពរយៈពេលយូរ ធ្វើឲ្យពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សុខសន្តិភាពរយៈពេលយូរ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតខុសពីមុនស្រឡះ ពោលគឺផ្លាស់ប្តូរពីការរស់នៅដោយការភ័យខ្លាច មកជាការរស់នៅក្នុងក្តីសប្បាយរីករាយ។

តាមរយៈបណ្ដាញតេឡេក្រាម នាថ្ងៃ១ តុលា លោក ប៉ែន បូណា បានបញ្ជាក់ថា បច្ចុប្បន្នឲ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះ បានផុសចេញពីបបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់ប្តូរយោបល់អំពីទីកន្លែងដើរកម្សាន្តកើតឡើងតែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។

លោកបន្ដថា ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនដើម្បីទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វីដែលគួរឲ្យកត់សម្គាល់គឺមិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។

លោកបន្ថែមថា ទិដ្ឋភាពបែបនេះ កើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុងប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប មានការអភិវឌ្ឍន៍មិនធ្លាប់មានពីមុន ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពកក់ក្តៅ និងមានក្តីសង្ឃឹមក្នុងជីវិតកាន់តែខ្លាំងឡើង។ មិនថាក្នុង ឬក្រៅប្រទេស ពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តគ្រប់ទិសទី។

លោក ប៉ែន បូណា បានគូសបញ្ជាក់ថា «សរុបមកវិញ សុខសន្តិភាពរយៈពេលយូរដែលជាស្នាដៃ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការធានាការពារសន្តិភាពមិនឲ្យបាត់បង់ពីសំណាក់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតខុសពីមុនស្រឡះ ពោលគឺផ្លាស់ប្តូរពីការរស់នៅដោយការភ័យខ្លាចកាលពីសម័យសង្គ្រាម មកជាការរស់នៅក្នុងក្តីសប្បាយរីករាយតាមបែបមនុស្សក្នុងសង្គមស៊ីវិល័យ។ នេះគឺជាការផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ»៕

To Top