ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ នៅរដ្ឋធានីវៀងចន្ទន៍

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅពីថ្ងៃទី៥ តុលា​បានឱ្យ​ដឹងថា ក្នុងដំណើរអញ្ជើញ របស់សម្តេចធិបតី នាឱកាសនេះ ក៏ត្រូវបានអញ្ជើញអមដំណើរ ដោយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងតំណាង វិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ ។

កិច្ចប្រជុំកំពូលនេះធ្វេីឡេីងក្រោមមូលបទ “អាស៊ាន ៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នឹងផ្តោតទៅ លើការជំរុញ បន្ថែមទៀត នូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និង ភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហា ប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត មានប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាស នៃកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី នឹងអញ្ជើញចូលរួម ក្នុងជំនួបថ្នាក់ដឹកនាំ អាស៊ានជាមួយតំណាង នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិត ថ្នាក់ដឹកនាំប្រទេស នៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។

សម្តេចធិបតី ក៏គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ផងដែរ ៕

To Top