ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសមាជិក របស់ខ្លួនកើនឡើងដល់ ២,៥៤៣,៨៧០នាក់ (ស្រី ១,៤១៣,០១១ នាក់)។
![](https://dap-news.com/wp-content/uploads/2024/10/IMG_20241007_090035_075-1024x682.jpg)
បើតាមលោករដ្ឋលេខាធិការ ក្នុងចំណោមសមាជិកសរុបជាង២,៥ លាននាក់នេះ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៤៨២,៥៧៧នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ ចំនួន ១,៥៨១,៩៨៨ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២,៣៥៥នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន១១៦,៩៥០នាក់។
![](https://dap-news.com/wp-content/uploads/2024/10/IMG_20240904_192112_702-945x1024.jpg)
លោករដ្ឋលេខាធិការ បានបញ្ជាក់លម្អិតថា ចំនួនសមាជិក បេឡាជាតិ សន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ជាកាតព្វកិច្ច មានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើង គួរឱ្យកត់សំគាល់ ក្នុងឆ្នាំ២០២៤នេះ ដែលបង្ហាញថា ប្រជាពលរដ្ឋ កាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ ពីអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខ សង្គម (ប.ស.ស.) ។
![](https://dap-news.com/wp-content/uploads/2024/10/IMG_20240905_152959_931.jpg)
លោករដ្ឋលេខាធិការ បានលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី ខេត្ត និងចុះយុទ្ធនាការផ្ទាល់ តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាង សកម្មនៅរាជធានី ខេត្តទូទាំងប្រទេស រួមនិងការផ្សព្វផ្សាយ តាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាព ក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។
![](https://dap-news.com/wp-content/uploads/2024/10/IMG_20240912_132851_283-1024x576.jpg)
បន្ថែមពីនេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក៏ទទួលកុមារចូល ជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ទទួលបានអត្ថប្រយោជន៍ ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស.។
![](https://dap-news.com/wp-content/uploads/2024/10/IMG_20240912_132851_702-1024x576.jpg)
លើសពីនេះលោករដ្ឋលេខាធិការ បានពន្យល់ថា កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ទទួលបានអត្ថប្រយោជន៍ ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរ ប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូត ដល់ស្លាប់បាត់បង់ ជីវិតបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់វិភាជន៍បូជា សពផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/IMG_20241007_090034_624-1024x835.jpg)
ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខមាលភាព របស់កុមារ ជាពិសេសជួយឱ្យសុខភាព របស់កុមារល្អប្រសើជាងមុន ដែលអាចជួយទៅដល់ធនធាន មនុស្សប្រកបដោយសក្តានុពល ភាពនាពេលអនាគត៕
![](https://dap-news.com/wp-content/uploads/2024/10/IMG_20241007_090034_912-889x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)