ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស នៅស្រុកកណ្ដៀង

ពោធិ៍សាត់: ដោយអនុវត្តន៍តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្ដៀង សហការណ៍ជាមួយកម្លាំងនគរបាលក្រុងពោធិ៍សាត់ និង កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវឈានដល់ ការចាប់ខ្លួនជនសង្ស័យបាន ១ នាក់ក្នុងករណីហឹង្សាមួយ បង្កឡើងដោយក្មេងទំនើង ២ ក្រុមបានជិះម៉ូតូដេញកាប់គ្នាដោយប្រើដាវនៅលើដងផ្លូវហើយម៉ូតូជនរងគ្រោះជិះគ្នា ៣ នាក់បានបើកធ្លាក់ផ្លូវជ្រុលទៅបុកដើមស្វាយ នៅក្បែរផ្លូវបណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូ ១ នាក់នៅនឹងកន្លែងកើតហេតុ និង ២ នាក់ទៀតរងរបួសកាលពីវេលាម៉ោង ១ និង ៣០ នាទីយប់ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៤ នៅចំនុចផ្លូវក្រាលកៅស៊ូមាត់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិកញ្ជើបាយដាច ឃ្វាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ជនសង្ស័យដែលសមត្ថកិច្ចនគរបាល ស្រាវជ្រាវចាប់ខ្លួនបាននោះមានឈ្មោះ ភា សុខជា ភេទប្រុសអាយុ ១៧ ឆ្នាំជនជាតិខ្មែររស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះរួមមាន: ១-ឈ្មោះសៀម ផាន់ណា ភេទប្រុសអាយុ ១៧ ឆ្នាំជនជាតិខ្មែរ(អ្នកបើកបរម៉ូតូ) ស្លាប់នៅនឹងកន្លែងកើតហេតុជនរងគ្រោះ រស់នៅភូមិដងអូរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ រីឯជនរងគ្រោះរងរបួស ២ នាក់ទៀតមានឈ្មោះ នី រ៉ាត់ ភេទប្រុសអាយុ ១៥ ឆ្នាំជនជាតិខ្មែរ និង ឈ្មោះហ៊ន ទី ភេទប្រុសអាយុ ១៤ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកបក្ខពួកផ្សេងទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

To Top