ព័ត៌មានជាតិ

មន្ទីរ​បរិស្ថាន​ឃាត់ខ្លួន ជនសង្ស័យបានចំនួន ០២នាក់  កំពុងធ្វើសកម្មភាព កាប់រានទន្ទ្រាន ដីព្រៃឈើ យកធ្វើជាកម្មសិទ្ធិ

កំពង់ធំ ៖​  លោក​តុប​ កក្កដា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ​បាន​អោយដឹងនៅថ្ងៃ​ទី០៧​ ខែតុលា​ ឆ្នាំ២០២៤នេះថា​ មន្ត្រី​ជំនាញ​បរិស្ថាន​បានឃាត់​ខ្លួន​ជនសង្ស័យ​២នាក់​ កាលពីនៅវេលាម៉ោង ២១:២០ នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ បានបន្តថា​ ប្រតិបត្តិការ​បង្ក្រាប​នេះគឺ​ មន្ទីរ​ជំនាញ​ស្នាក់ការ អូរតាឈឹម ដែលដឹកនាំដោយ លោក ចាប់ ចៀន ប្រធានស្នាក់ បានសហការ ជាមួយនឹងលោក ជន ជិន ប្រធានស្នាក់ការដីក្រហម និងសហការី បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់  កំពុងធ្វើសកម្មភាពកាប់ រានទន្ទ្រានដីព្រៃឈើ យកធ្វើជាកម្មសិទ្ធិ នៅតំបន់កែងតាឈឹម ត្រង់ចំណុច UTM:  571793-1412672 ។

ជនសង្ស័យទី១ ឈ្មោះគង់ ចាន់សាក់ ភេទ​ប្រុស អាយុ  ៥១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប្របោសរលួយ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងជនសង្ស័យទី២ ឈ្មោះអ៊ុន ឈៀង​ ភេទប្រុស អាយុ៤៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងកកោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំង់ធំ និងដកហូតបានម៉ាស៊ីនរណាយន្ដចំនួន ០១ គ្រឿង(ធន់តូច) ។

ចំពោះជនសង្ស័យទាំងខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅស្នាក់ការអូរតាឈឹម និងបាននាំខ្លួនមកកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីចង់ក្រងសំណុំរឿង អនុវត្តន៍តាមនីតិវិធីច្បាប់ ៕
ដោយសំនៀង

To Top