ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ០៨ តុលា ២០២៤ មានបេក្ខជនចំនួន ២៥នាក់ មានបញ្ហាសុខភាពក្នុងដំណើរសំណេរការ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នេះ ក្រសួងអប់រំ បានបញ្ជាក់ថា «នៅថ្ងៃទី១ នៃការប្រឡងនេះ មានបេក្ខជនចំនួន ២៥នាក់ ករណីគ្រុនឈាម៣ករណី មកពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តកំពត ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តត្បូងឃុំ ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងអនុរក្ស០១រូប ខេត្តតាកែវ សមត្ថកិច្ច០១រូប ខេត្តកំពង់ចាម ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤»។
ក្រសួង បន្ដថា ក្នុងនោះ បេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រសួងអប់រំជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។
សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨នាក់ (ស្រី ២៣ ៧១៥នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន៕