ភ្នំពេញ៖ របាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោក (WB) បាននិយាយនៅថ្ងៃនេះថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោកក្នុងឆ្នាំ២០២៤ ប៉ុន្តែនៅក្នុងសន្ទុះមួយយឺតជាងកាលមិនទាន់មានការផ្ទុះជំងឺរាតត្បាតសកល។
ក្នុងរបាយការណ៍ បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធនាគារពិភពលោកព្យាករថា ក្នុងឆ្នាំ២០២៤ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៤.៨ភាគរយ ប៉ុន្តែអត្រានេះនឹងធ្លាក់មកនៅ ៤.៤ភាគរយវិញ ក្នុងឆ្នាំ២០២៥។
![](https://dap-news.com/wp-content/uploads/2024/10/24-791x1024.jpg)
កំណើននៅប្រទេសចិន ដែលជាសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី៤.៨ភាគរយ ក្នុងឆ្នាំនេះ មកនៅ៤.៣ភាគរយ ឆ្នាំក្រោយ ខណៈដែលទីផ្សារអចលនទ្រព្យនៅតែមានភាពទន់ខ្សោយរ៉ាំរ៉ៃ, តម្រូវការអ្នកប្រើប្រាស់ និងវិនិយោគិនខ្វះទំនុកចិត្ត អមដោយបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធមួយចំនួនទៀត ដូចជា ភាពចាស់ជរា និងភាពតានតឹង លើពិភពលោក។
![](https://dap-news.com/wp-content/uploads/2024/10/25-791x1024.jpg)
កំណើនសេដ្ឋកិច្ចនៅផ្នែកផ្សេងទៀតក្នុងតំបន់នេះ ត្រូវបានព្យាករថា នឹងកើនឡើងពី ៤.៧ភាគរយ ក្នុងឆ្នាំនេះ ដល់ ៤.៩ភាគរយ នៅឆ្នាំក្រោយ ដោយសារអត្ថប្រយោជន៍ពីការកើនឡើង នៃការប្រើប្រាស់ក្នុងស្រុក, ការងើបឡើងវិញនៃការនាំចេញទំនិញ និងការស្ទុះងើបនៃវិស័យទេសចរណ៍។ នៅក្នុងចំណោមប្រទេសធំៗ មានតែឥណ្ឌូនេស៊ីទេដែលគេរំពឹងថា សេដ្ឋកិច្ចនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ នឹងមានកំណើនត្រឹម ឬលើសពីកម្រិតមុនពេលមានជំងឺរាតត្បាតសកល។ ផ្ទុយទៅវិញ នៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម គេរំពឹងថាសេដ្ឋកិច្ចនឹងមានកំណើនក្នុងកម្រិតទាបជាងនៅឥណ្ឌូនេស៊ី។ រីឯនៅតាមប្រទេសកោះប៉ាស៊ីហ្វ៊ិក សេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនបាន ៣,៥ភាគរយ ក្នុងឆ្នាំ២០២៤ និង ៣,៤ភាគរយ ក្នុងឆ្នាំ២០២៥ ដោយសារវិស័យទេសចរណ៍ស្ទុះងើបឡើងវិញ។ កំណើននៃការវិនិយោគនៅតែមានភាពទន់ខ្សោយនៅទូទាំងតំបន់។
![](https://dap-news.com/wp-content/uploads/2024/10/26-791x1024.jpg)
លោកស្រី ម៉ានូអែឡា វ. ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានថ្លែងថា «បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តដើរតួជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាក៏ដោយ កំណើនកំពុងថមថយល្បឿន។ ដូច្នេះ ដើម្បីរក្សាបាននូវកំណើនរឹងមាំក្នុងរយៈពេលមធ្យម បណ្តាប្រទេសក្នុងតំបន់នេះ ត្រូវអន្តរសកម្មក្នុងការធ្វើទំនើបកម្ម និងកំណែទម្រង់សេដ្ឋកិច្ចរៀងៗខ្លួន ដើម្បីត្រាយផ្លូវសម្រាប់ដំណើរសេដ្ឋកិច្ចទៅមុខ ក្នុងកាលៈទេសៈដែលមានការប្រែប្រួលបែបផែនពាណិជ្ជកម្ម និងការផ្លាស់ប្តូរបច្ចេកវិទ្យា»៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)