ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវករណីទទួលប្រាក់ផ្ទេរចូលច្រឡំតាមប្រព័ន្ធធនាគារនិងគេចវ៉េសមិនព្រមសងទៅម្ចាស់ដើម (ជនរងគ្រោះ) វិញ។
តាមរយៈមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលទាំងអស់ ថា ការទទួលបានប្រាក់តាមរយៈប្រព័ន្ធធនាគារ ដែលពុំមានប្រភពច្បាស់លាស់ (ការផ្ទេរ ឬទូទាត់ច្រលំ) ហើយមានចេតនាទុច្ចរិត គេចវ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ។
បន្ថែមលើសពី មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកសារជាថ្មីដល់ប្រជាពលរដ្ឋឱ្យបានជ្រាបថា ប្រសិនបើទទួលបានប្រាក់ពុំមានប្រភពច្បាស់លាស់សូមអនុវត្តតាមការណែនាំដូចខាងក្រោម ៖
១.ធ្វើសេចក្តីរាយការណ៍ជូននគរបាលមានសមត្ថកិច្ចអំពីប្រតិបត្តិការ និងចំនួនទឹកប្រាក់ដែលទទួលបានពីការផ្ទេរច្រឡំ
២. ធ្វើការបញ្ជាក់ និងទូទាត់ទៅគណនីម្ចាស់ដើម ដែលបានផ្ទេរចូល ជៀសវាងផ្ទេរទៅគណនីទី៣ ដែលធ្វើឱ្យអ្នកអាចចូលរួមក្នុងប្រតិបត្តិការផ្ទេរប្រាក់ខុសច្បាប់របស់ជនខិលខូច។
ជាចុងក្រោយ សូមប្រជាពលរដ្ឋមេត្តាចូលរួមសហការទាំងអស់គ្នា ដើម្បីកាត់បន្ថយបទល្មើសបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព៕