ព័ត៌មានជាតិ

កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់ពីសារៈសំខាន់ នៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់ នៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ។

ការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលទាំងបីខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹក និងពិភាក្សាការងារ ជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម មុនពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងជំនួបខាងលើនេះ លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណ ដល់សម្តេចធិបតី និងនាយករដ្ឋមន្ត្រីវៀតណាម ដែលបានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំពិសារអាហារពេលព្រឹក ការងារនាពេលនេះ។ ការណ៍នេះ បានឆ្លុះបញ្ចាំងអំពីការបន្តថែរក្សាមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ វាងប្រទេសទាំងបី។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរប្រទេសកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្រោមការដឹកនាំ របស់សម្ដេចធិបតី រយៈពេលជាង១ឆ្នាំកន្លងមកនេះ និងអបអរសាទរកម្ពុជា ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ខាងមុខនេះ ។

ក្នុងនោះ ប្រមុខរដ្ឋាភិបាលទាំងបី បានចែករំលែកបទពិសោធន៍ អំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្ដិសុខ ព្រមទាំងការអប់រំនិងបណ្ដុះបណ្ដាល ជាដើម។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីទាំងបី ក៏បានផ្លាស់ប្ដូរទស្សនៈ អំពីបញ្ហាតំបន់មួយចំនួន រួមទាំងដំណើរការកសាងសហគមន៍អាស៊ានផងដែរ៕

To Top