ព័ត៌មានជាតិ

ស​ម្តេចធិបតី ប្រាប់តំណាង​ AIPA ពីសារសំខាន់ក្នុងការលើកកម្ពស់ និងថែរក្សាសន្តិភាពដែលមានស្រាប់

ភ្នំពេញ៖ នៅក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) សម្តេចធិបតី បានគូសបញ្ជាក់អំពីសារសំខាន់​ ក្នុងការលើកកម្ពស់ និងថែរក្សានូវសន្តិភាពដែលមានស្រាប់ និងសន្តិសហវិជ្ជមានរវាងរដ្ឋ នៅខណៈដែលមានការងើបឡើង នូវជម្លោះហិង្សានៅតាមតំបន់នានា នៃពិភពលោក ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ របស់ក្រសួងការបរទេស នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា “សម្តេចធិបតី បានគូសបញ្ជាក់អំពីសារសំខាន់ ក្នុងការលើកកម្ពស់ និងថែរក្សានូវសន្តិភាពដែលមានស្រាប់ និងសន្តិសហវិជ្ជមានរវាងរដ្ឋ នៅខណៈដែលមានការងើបឡើង នូវជម្លោះហិង្សានៅតាមតំបន់នានា នៃពិភពលោក និងនិន្នាការកើនឡើង នូវនយោបាយជ្រុលនិយម និងប្រជានិយម”។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់រដ្ឋាភិបាល និងស្ថាប័នសភា ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ឧស្សាហកម្ម​ ដែលកំពុងលេចឡើងថ្មី ដែលរួមមាន៖ សេដ្ឋកិច្ច ឌីជីថល និងអន្តរកាលបៃតង និងការដាក់ចេញនូវក្របខណ្ឌច្បាប់ ប្រកបដោយប្រសិទ្ធភាព ដែលអាច ជួយតំបន់យើងឱ្យទាញផលពីសក្តានុពលដ៏អស្ចារ្យ នៃវិស័យទាំងនេះផងដែរ៕

To Top