ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់អាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញសម្រេច ឱ្យបាននូវការបញ្ចប់ការចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-20-28-1024x730.jpg)
យោងតាមលទ្ធផល នៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់អាស៊ាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតម្រូវការ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ព្រមទាំងលើកកម្ពស់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ នៅក្នុងន័យនេះ សម្តេចធិបតី បានជំរុញសម្រេចឱ្យបាន នូវការបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-20-33-1024x767.jpg)
បន្ថែមពីនេះ សម្តេចធិបតី ក៏បានជំរុញឱ្យមានការពង្រឹង ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា ដើម្បីផ្តល់ វេទិកាសម្រាប់វិស័យឯកជន ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្វះស្វែងរកឱកាសអាជីវកម្ម កៀរគរមូលនិធិ និងកសាងបណ្តាញទំនាក់ទំនងនានា។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-20-36-767x1024.jpg)
សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ ពីតម្រូវការសម្រាប់តំបន់ទាំងពីរ ដើម្បីទាញយកសក្តានុពលដ៏ធំៗ នៃឧស្សាហកម្មនានា ដែលកំពុងលេចឡើង ដូចជាវិស័យសេដ្ឋ កិច្ចឌីជីថល អន្តរកាលបៃតង ការតភ្ជាប់ និងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងតំបន់ ដែលមានភាពធន់។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-20-40-1024x576.jpg)
សម្តេចធិបតី ក៏បានឆ្លៀតឱកាសថ្លែង អំណរគុណដល់កាណាដា ចំពោះការគាំទ្រថវិកាចំនួន ៨,៥ លានដុល្លាកាណាដា ក្នុងរយៈពេល ៥ឆ្នាំសម្រាប់វិស័យអាទិភាពនានា ក្រោមក្របខ័ណ្ឌផែនការសកម្មភាពតំបន់របស់អាស៊ាន ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS)ផងដែរ ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-20-44-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-20-48-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)