ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកថា អាស៊ាន និងឥណ្ឌា គួរបង្កើនកិច្ចសហការ ឱ្យកាន់តែស៊ីជម្រៅ លើថាមពលកកើតឡើងវិញ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-26-49-1024x767.jpg)
យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថា “សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជំរុញឱ្យ ឥណ្ឌា បន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ក្នុងការបំពាក់បំប៉នជំនាញឌីជីថល ដល់ប្រជាជនអាស៊ាន តាមរយៈការប្តូរជំនាញថ្មីៗ និងការបំប៉នជំនាញនានា ដែលមានសារសំខាន់ ក្នុងការពង្រឹងសហគ្រាស ធុនមីក្រូតូច និងមធ្យម” ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-26-54-1024x708.jpg)
ក្នុងនោះក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា “សម្តេចធិបតី ក៏បានចែករំលែកផងដែរថា អាស៊ាន និងឥណ្ឌា គួរបង្កើនកិច្ចសហការ ឱ្យកាន់តែស៊ីជម្រៅ លើថាមពលកកើតឡើងវិញ, ថាមពលបៃតង និងថាមពលបញ្ចេញកាបូនទាប ដោយប្រើប្រាស់ជំនាញបច្ចេកទេស និងបច្ចេកវិទ្យារបស់ឥណ្ឌា”។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-26-57-1024x682.jpg)
បន្ថែមពីនេះ សម្តេចធិបតី បានលើកឡើងបន្ថែមទៀតថា ដើម្បីជួយផ្តល់ហិរញ្ញវត្ថុ ដល់ការកាត់បន្ថយកាបូន យើងត្រូវទាញប្រយោជន៍ពីមូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា និងមូលនិធិបៃតងអាស៊ាន-ឥណ្ឌា។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-27-02-1024x682.jpg)
ក្រសួងបញ្ជាក់បន្ថែមថា “ចំពោះការតភ្ជាប់ក្នុងតំបន់ សម្តេចធិបតី បានកត់សម្គាល់ដោយសេចក្តីពេញចិត្ត ចំពោះការដាក់ឱ្យដំណើរការ នូវជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវឌេលី ដែលអាចជួយជំរុញទេស ចរណ៍ទ្វេភាគី ចំពេលនឹងការកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា” “៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-27-05-1024x661.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-27-09-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_10-27-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)