ព័ត៌មានជាតិ

សម្តេចធិបតី ៖ អាស៊ាន-អូស្ត្រាលី ត្រូវបង្កើនល្បឿន ធ្វើយ៉ាងណាវិសោធនកម្ម លើកិច្ចព្រមព្រៀង AANZFTA ចូលជាធរមាន តាមកំណត់

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន -អូស្ត្រាលីលើកទី៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានគូសបញ្ជាក់ថា ដើម្បីចាប់យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវ៉ែលហ្សេឡង់ (AANZFTA) នាពេលថ្មីៗនេះ អាស៊ាន និងអូស្ត្រាលី ត្រូវបង្កើនល្បឿន ក្នុងដំណើរការផ្តល់ សច្ចាប័ន ដើម្បីធ្វើយ៉ាងណា ធានាឱ្យពិធីសារទី២ ស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងនេះ ចូលជាធរមាន តាមពេលកំណត់ ។

យោងតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៧ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថា “សម្តេចធិបតី បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើការ ជាមួយអូស្ត្រាលី ដើម្បីធ្វើឱ្យសមាហរណកម្ម សេដ្ឋកិច្ចតំបន់​ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ហើយនៅក្នុងន័យនេះ កម្ពុជា បានស្វាគមន៍ការដាក់ឱ្យអនុវត្តនូវ ឯកសារយុទ្ធសាស្ត្រ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី ឆ្ពោះទៅឆ្នាំ២០៤០ (Invested: Australia’s Southeast Asia Economic Strategy to 2040) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ។ លើសពីនេះ ដើម្បីចាប់យកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមាពីការដំឡើងកម្រិត កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវ៉ែលហ្សេឡង់ (AANZFTA) នាពេលថ្មីៗនេះ អាស៊ាន និងអូស្ត្រាលី ត្រូវបង្កើនល្បឿន ក្នុងដំណើរការផ្តល់សច្ចាប័ន ដើម្បីធ្វើយ៉ាងណា ធានាឱ្យពិធីសារទី២ ស្តីពីវិសោធនកម្ម លើកិច្ចព្រមព្រៀង AANZFTA ចូលជាធរមានតាមពេលកំណត់”។

ក្រសួងការបរទេសខ្មែរ បានឱ្យដឹងទៀតថា “សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ពីសារ សំខាន់ក្នុងការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មដែលកំពុងលេចឡើងថ្មីៗ មានជាអាទិ៍ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល របៀបវារៈបៃតង និងបណ្តាញអគ្គិសនី អាស៊ាន ខណៈគូសបញ្ជាក់ អំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ ដែលបានដើរតួនាទី ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ភាពជាដៃគូអាស៊ាន-អូស្ត្រាលី” ។

សម្តេចធិបតី ក៏បានលើកទឹកចិត្ត ឱ្យអូស្ត្រាលី ជួយផ្តល់ការគាំទ្រ ដល់សហគ្រាសអាស៊ានតូចៗ ដើម្បីឱ្យកាន់តែ មានផលិតភាព មានសមត្ថភាពប្រកួតប្រជែង និងមានភាពធន់ រួមទាំងតាមរយៈការ ចាប់យក ឧបករណ៍ឌីជីថលនានា និងការទទួលបានថែមទៀត នូវច្រកចូលទីផ្សារ និងហិរញ្ញប្បទានផងដែរ៕

To Top