ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បច្ចុប្បន្នពន្ធនាគារ និងមណ្ឌលកែប្រែ បាននិងកំពុងយកចិត្តទុកដាក់លើការកសាងជំនាញ បំណិនជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ជនជាប់ឃុំ ដើម្បីធានាបាននូវភាពប្រសើរឡើង នៅពេលជនជាប់ឃុំទាំងនោះ ចាកចេញទៅវិញ បន្ទាប់ពីកែប្រែហើយ។

ការលើកឡើងរបស់ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងផ្តល់នូវអំណោយមនុស្សធម៍ ជូនដល់ស្រ្តីជាជនជាប់ឃុំ ក្នុងមណ្ឌលកែប្រែទី២ ឬម២ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត មានប្រសាសន៍ថា «បច្ចុប្បន្នពន្ធនាគារមាន នៅគ្រប់រាជធានីខេត្តទាំង២៥ ប៉ុន្តែដោយឡែក មណ្ឌលកែប្រែមានចំនួន៤ទីតាំង ពីរឋិតនៅក្នុងរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ និង ខេត្តពោធិ៍សាត់ ដែលគ្រប់ពន្ធនាគារទាំងអស់បានកំពុង យកចិត្តទុកដាក់លើការកសាងជំនាញ បំណិនជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ជនជាប់ឃុំ ដើម្បីធានាបាននូវភាពប្រសើរឡើង នៅពេលជនជាប់ឃុំទាំងអស់ ចាកចេញទៅវិញបន្ទាប់ពីកែប្រែហើយ និងក្លាយទៅជាធនធានមនុស្ស មួយដ៏ល្អប្រសើរក្នុងសង្គមជាតិ»។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បន្តថា បើទោះបីជាមណ្ឌលអប់រំកែប្រែទី២នៅមាន កត្តាប្រឈមមួយចំនួនយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយភាព ឆ្លាតវៃ និងពិនប្រសពរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តែងតែបានខិតខំម្ចាសើការដោះស្រាយ តាមរយៈការស្វែងរកកិច្ចសហការ ពីគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ សប្បុរសជន អង្គការដៃគូអភិវឌ្ឍន៍ ក្នុងការឆ្លើយតបនូវរាល់ទុក្ខលំបាកសម្រាប់ ជនជាប់ឃុំជាស្រ្តីទាំងអស់ដែលត្រូវទទួលបាន។

នាឱកាសនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានថ្លែងថា ទោះបីបងប្អូនជាស្រ្តីត្រូវបានជាប់ឃុំក៏ពិតមែន ក៏ប៉ុន្តែរាជរដ្ឋាភិបាល ក៏មិនបានបោះបង់ប្អូនចោលនោះឡើយតែផ្ទុយទៅវិញ រាជរដ្ឋាភិបាល បានខិតខំជាមួយ ដៃគូរអភិវឌ្ឍន៍ ក្រសួងស្ថាប័នពាក់ព័ន្ធបានបន្ត ចុះជួយផ្តល់សេវាសាធារណៈ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជូន ដល់ស្រ្តីជាជនជាប់ឃុំ ក៏ដូចជាអ្នកជាប់ឃុំដ៏ទៃទៀតអោយមានសមត្ថភាព ជំនាញច្បាសលាស់ដើម្បីរួម ចំណែកអភិវឌ្ឍន៍សង្គមជាតិបន្ត ទៅថ្ងៃអនាគបន្ទាប់ពីបានរួចផុតពី បទចោទប្រកាន់និងការឃុំឃាំង ហើយអាចក្លាយទៅជាមនុស្សម្នាក់ដែលមាន តំលៃពេញលេញប្រកបដោយទំនូលខុសត្រូវ៕
