ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី គាំទ្របន្ថែមដល់ការងារបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ។

ការស្នើនេះធ្វើឡើងក្នុងឱកាសទេសរដ្ឋមន្រ្តី លី ធុជ ជួបជាមួយលោកស្រី Amanda Gorely ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះលោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី សម្រាប់ការគាំទ្រដល់ភាពជាប្រធានរបស់កម្ពុជា និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា។

តាងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី បន្តគាំទ្រដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា រួមទាំងគាំទ្របន្ថែមដល់ការងារបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

ជាមួយគ្នានោះ លោកប្រធានអនុសញ្ញាអូតាវ៉ា ក៏បានស្នើសុំដល់ប្រទេសអូស្រា្តលី ជួយជំរុញលើកទឹកចិត្តដល់ប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក ឱ្យគាំទ្រ និងចូលរួមជាមួយអនុសញ្ញាអូតាវ៉ា ៕
