ព័ត៌មានជាតិ

UNDP បញ្ជាក់ពីការតាំងចិត្ត ដើម្បីបន្តរួមចំណែកគាំទ្រ ដល់វិស័យសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Shoko Noda នាយករងផ្នែកវិបត្តិនៃកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបញ្ជាក់ពីការតាំងចិត្តរបស់ UNDP ដើម្បីបន្តរួមចំណែកគាំទ្រ ដល់វិស័យសកម្មភាពមីននៅកម្ពុជា ។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាស នាយករងផ្នែកវិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ជួបពិភាក្សាការងារជាមួយទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ សម្រាប់ការគាំទ្រភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់ រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលបានគាំទ្រដល់ការអភិវឌ្ឍ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា រួមទាំងវិស័យសកម្មភាពមីន ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ UNDP បន្ថែមការគាំទ្រដល់វិស័យសកម្មភាពមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

ជាការឆ្លើយតប លោកស្រី Shoko Noda បានបញ្ជាក់ពីការតាំងចិត្តរបស់ UNDP ដើម្បីបន្តរួមចំណែកគាំទ្រ ដល់វិស័យសកម្មភាពមីននៅកម្ពុជា ៕

To Top