ព័ត៌មានជាតិ

ក្រសួងអប់រំ មិនអនុញ្ញាតឱ្យក្រុមការងារកំណែ សន្លឹកកិច្ចការប្រឡងបាក់ឌុបប្រើប្រាស់ទូរស័ព្ទក្នុង និងក្រៅបន្ទប់មណ្ឌលកំណែ រហូតដល់ម៉ោងចេញទៅផ្ទះ

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសមិនអនុញ្ញាតឱ្យក្រុមការងារកំណែ សន្លឹកកិច្ចការប្រឡងបាក់ឌុប បញ្ចប់ការកែមុនពេលកំណត់ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទក្នុង និងក្រៅបន្ទប់មណ្ឌលកំណែរហូតដល់ម៉ោងចេញទៅផ្ទះ ដើម្បីបង្ការការថតបង្ហោះ និងការប្រើប្រាស់ទូរស័ព្ទរំខានដល់ដំណើរការកំណែ ។

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានដឹកនាំកិច្ចប្រជុំ ស្ដីពីការណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការអប្បមាទមណ្ឌលកំណែ បុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង សរុបចំនួនប្រមាណ ១៦៨ រូប។

សូមបញ្ជាក់ថា ដំណើរការកំណែសន្លឹកកិច្ចការប្រឡងនេះ ក្រសួងអប់រំបានកំណត់យក វិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញធ្វើជាមណ្ឌលកំណែដោយ មួយមណ្ឌលកំណែកែមួយមុខវិជ្ជា ក្នុងនោះរួមមាន ៖ ទី១).មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ (សម្រាប់មុខវិជ្ជាអក្សរសាស្ត្រខ្មែរ), ទី២).មណ្ឌលកំណែ វិទ្យាល័យបាក់ទូក (សម្រាប់មុខវិជ្ជា គណិតវិទ្យា), ទី៣).មណ្ឌលកំណែ វិទ្យាល័យចតុមុខ (សម្រាប់មុខវិជ្ជា ភាសបរទេស), ទី៤).មណ្ឌលកំណែ វិទ្យាល័យវត្តកោះ (សម្រាប់មុខវិជ្ជា រូបវិទ្យា), ទី៥).មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ (សម្រាប់មុខវិជ្ជា គីមីវិទ្យា) ទី៦).មណ្ឌលកំណែ វិទ្យាល័យទូលទំពូង (សម្រាប់មុខវិជ្ជា ជីវវិទ្យា), ទី៧).មណ្ឌលកំណែ វិទ្យាល័យជាស៊ីមបឹងកេងកង (សម្រាប់មុខវិជ្ជា ភូមិវិទ្យា), ទី៨).មណ្ឌល កំណែ វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ (សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា), ទី៩).មណ្ឌលកំណែ វិទ្យាល័យជាស៊ីមសន្ធរមុខ (សម្រាប់មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា) និង ទី១០).មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក (សម្រាប់មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា)។ កិច្ចការបេក្ខជននីមួយៗ នឹងត្រូវកែដោយអ្នកកែពីរនាក់ដាច់ខាត ដោយគោរពតាមអត្រាកំណែដែលគណៈមេប្រយោគបានសម្រេច ស្របតាមយន្តការ និងនីតិវិធីកំណែដាក់ចេញដោយក្រសួង។ ចំណែកឯ កិច្ចការបេក្ខជនពិការភ្នែក ត្រូវធ្វើកំណែពិសេសដោយគ្រូបង្រៀនសិស្សពិការភ្នែក ទៅតាមអត្រាកំណែដោយឡែក។

ក្នុងគោលដៅធានាឱ្យបាននូវសុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផលឆ្លើយតបនឹងគោលការណ៍ “អ្នកចេះគឺជាប់”ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ឱ្យបន្ថែមការយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើរបៀបរៀបរយនៃការៀបចំសន្លឹកកិច្ចការប្រឡងរបស់បេក្ខជន ដោយត្រូវរៀបតាមលំដាប់លំដោយ រួចកិបឱ្យជាប់ ចុះអក្សរសម្ងាត់ និងលេខរៀងបន្តឱ្យបានត្រឹមតែ មុនកាត់ក្បាលសន្លឹកកិច្ចការយកទៅកែ ពង្រឹងយន្តការផ្ទៀតផ្ទាត់លទ្ធផលកំណែ និងមានការដាក់ទោសទណ្ឌប្រសិនបើ រកឃើញកំហុសក្នុងការអនុវត្តការងារ ព្រមទាំងបានគូសបញ្ជាក់ថា «មិនអនុញ្ញាតឱ្យបញ្ចប់ការកែមុនពេលកំណត់ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទក្នុង និងក្រៅបន្ទប់មណ្ឌលកំណែរហូតដល់ម៉ោងចេញទៅផ្ទះ ដើម្បីបង្ការការថតបង្ហោះ និងការប្រើប្រាស់ទូរស័ព្ទរំខានដល់ដំណើរការកំណែ»។

ជាថ្មីម្ដងទៀត លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារអង្គភាពប្រឆាំង អំពើពុករលួយដែលបានផ្តល់ នូវកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់ តាំងពីចាប់ផ្តើមការប្រឡងរហូតមកដល់ពេលនេះ និងសូមជំរុញលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេស បន្តខិតខំប្រឹងប្រែងសហការចែករំលែកបទពិសោធគ្នា ដើម្បីជំរុញឱ្យដំណើរការកំណែ ប្រព្រឹត្តិទៅប្រកបដោយភាពរលូន និងជោគជ័យ ដោយបានរំលេចថា ឆ្នាំនេះក្រសួងនឹងផ្ដល់ពានរង្វាន់មណ្ឌលកំណែគំរូ សម្រាប់លេខ១ លេខ២ និង លេខ៣៕

To Top