ភ្នំពេញ ៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា នៅចំពោះមុខបញ្ហាធំៗ ដែលបានលើកឡើង អំឡុងពេល នៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជា មិនដែលបង្ហាញជំហរងាករេ ចេញពីការគាំទ្រ គោលនយោបាយចិន តែមួយឡើយ ។
នេះជាការគូសបញ្ជាក់ របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រក្នុងសន្និសីទ សារព័ត៌មាន បន្ទាប់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ នារាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលេីកឡេីងថា រដ្ឋបុរសមកពីប្រទេសនានា បានលើកយកបញ្ហាក្ដៅៗ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាមជ្ឈឹមបូព៌ា មកជជែកក្នុងជំនួបកំពូសអាស៊ីបូព៌ា លើកទី១៩ ។
ក្នុងនោះលោករដ្ឋមន្ត្រីប្រតិភូអម បានបញ្ជាក់ថា ជំហររបស់ប្រទេសកម្ពុជា នៅចំពោះមុខបញ្ហាទាំងនេះ កម្ពុជាតែងរក្សាជំហរមួយឥតងាករេ គឺសមុទ្រចិនខាងត្បូង ត្រូវតែជាសមុទ្រសន្តិភាព សមុទ្រស្ថេរភាព និងជាសមុទ្រវិបុលភាព កម្ពុជា បន្តអនុវត្តខ្លឹមសារ ពេញលេញនិងទាំងស្រុង នៃសេចក្ដីថ្លែងការណ៍ ប្រតិបត្តិរបស់បណ្ដាភាគី (DOC) ។ លើសពីនេះទៅទៀតកម្ពុជា នៅតែចង់ឃើញ ការសម្រេចឱ្យបានឆាប់ៗជាទីបំផុត នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា “ជំហររបស់កម្ពុជា នៅចំពោះមុខ ចិនមួយគឺមិនដែលកែប្រែទេ អត់ដែលកែប្រែទាល់តែសោះ លើកនេះយើងបញ្ជាក់ឡើងវិញ ជាដដែលៗ បានន័យថា កម្ពុជា ដូចខ្ញុំបានលើកឡើងខាងដើមអ៊ីចឹង កម្ពុជាទទួលស្គាល់រដ្ឋាភិបាល នៃចិនប្រជាមានិត ថាជាតំណាងផ្ដាច់មុខ នៃប្រទេសចិន ទាំងមូល ហើយតៃវ៉ាន់គ្រាន់តែជា ផ្នែកមួយ នៃដែនដីប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន” ៕