ភ្នំពេញ៖ គណៈកម្មាធិការទន្លេមេគង្គ (MRC) បានចាត់ ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា
នៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការទន្លេមេគង្គឋនៅក្នុងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ ។
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានមកបំពេញទស្សនកិច្ចផ្លូវការនៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការទន្លេមេគង្គ(MRC) នៅក្នុងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ បានក្លាយជាប្រមុខរដ្ឋាភិបាលនៃដៃគូអភិវឌ្ឍន៍របស់ MRC ដំបូងគេបង្អស់ ដែលបានមកធ្វើទស្សនកិច្ចនៅស្ថាប័ននេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការទន្លេមេគង្គបានលើកឡើងថា ដំណើរទស្សនកិច្ចនៅថ្ងៃទី១១ ខែតុលា កើតឡើងស្របពេលដែលកិច្ចប្រជុំកំពូលអាស៊ានត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះដោយប្រទេសឡាវ ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់ប្រទេសកាណាដា ចំពោះការគ្រប់គ្រង ប្រកបដោយចីរភាពនៃទន្លេមេគង្គ។ ទន្លេនេះ ជួយដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដែល រស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រភពបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ របស់នាយករដ្ឋមន្ត្រី កាណាដាបានជួបជាមួយអ្នកនេសាទ និងកសិករដែលពួកគាត់ពឹងផ្អែកលើទន្លេមេគង្គសម្រាប់ការចិញ្ចឹមជីវិត។ អមដំណើរដោយរដ្ឋមន្ត្រីក្រសួង ជំរុញការនាំចេញ ពាណិជ្ជកម្មអន្តរជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ច លោកស្រី ម៉ារី អ៊ឹង (Mary Ng) និងនាយកប្រតិបត្តិ នៃ MRC លោកបណ្ឌិត អានុឡាក់ គិធិឃួន (Anoulak Kittikhoun)។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីកាណាដា បានជជែកដោយផ្ទាល់ ជាមួយក្រុមអ្នកនេសាទ និងកសិករ ដោយស្តាប់រឿងរ៉ាវរបស់ពួកគេថា តើទន្លេមេគង្គបានទ្រទ្រង់ជីវិត ប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងដូចម្តេច?។
លោកក៏បានឈ្វេងយល់ដោយផ្ទាល់ អំពីបញ្ហាប្រឈម ដែលពួកគេ ជួបប្រទះ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ព្រមទាំងបញ្ហាការគ្រប់គ្រងទឹក ឆ្លងដែនផងដែរ។
លោកបានកោតសរសើរចំពោះតួនាទីរបស់ MRC ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសតាមដងមេគង្គ រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម ហើយការខិតខំប្រឹងប្រែង របស់ MRC ដើម្បីធានាថាសហគមន៍ដែលរស់នៅតាមដងទន្លេបន្តទទួលបានអត្ថប្រយោជន៍ពីធនធានដ៏សម្បូរ បែបរបស់ទន្លេមួយនេះ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា «កាណាដាទទួលស្គាល់ពីសារៈសំខាន់យ៉ាងខ្លាំងក្លារបស់ទន្លេមេគង្គ ដែលទន្លេនេះមិនត្រឹមតែជាប្រភពនៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាខ្សែជីវិត សម្រាប់មនុស្សរាប់លាននាក់»។
លោកនាយករដ្ឋមន្រ្ដីបានបន្តថា គណៈកម្មការទន្លេមេគង្គ កំពុងធ្វើការងារដ៏សំខាន់មួយ ដោយកៀងគប្រទេសនានាឱ្យរួបរួមគ្នា ដើម្បីគ្រប់គ្រង និងការពារធនធានរួមអស់ទាំងនេះ។
លោកបានអះអាងថា «ប្រទេស កាណាដាមានមោទកភាព ក្នុងការគាំទ្របេសកកម្មមួយនេះ ហើយយើងនឹងបន្តធ្វើការជាមួយ MRC ដើម្បីការពារទន្លេមេគង្គសម្រាប់មនុស្សជំនាន់ក្រោយ»។
ចំណែក លោកបណ្ឌិត អានុឡាក់ គិធិឃួន (Anoulak Kittikhoun) នាយកប្រតិបត្តិ MRC បានគូសបញ្ជាក់ ពីការគាំទ្រដ៏សំខាន់របស់ប្រទេសកាណាដាក្នុងការជំរុញបេសកកម្មរបស់ MRC និងការចូលរួមរបស់ ប្រទេសកាដាណានៅក្នុងតំបន់។
លោកបណ្ឌិតបានបន្ថែមថា «យើងមានកិត្តិយស ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្ដមនាយករដ្ឋមន្រ្តី ទ្រូដូ ដែលបង្កើតជាជំពូកថ្មីមួយ នៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយប្រទេសកាណាដា។ ការគាំទ្ររបស់ កាណាដាធ្វើឡើងក្នុងពេលដ៏សំខាន់មួយ ពិសេសស្របពេលដែលយើងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងធនធានទឹកទន្លេមេគង្គ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងតំបន់ ក៏ដូចជារបស់ រដ្ឋាភិបាលរបស់ពួកគេ។ យើងនឹងនៅបន្តភាពជាដៃគូដ៏មានតម្លៃនេះ ស្របពេលដែលយើងកំពុងដោះ ស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ នៃការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព”។
ជាមួយគ្នានេះ MRC ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសមេគង្គ និងដៃគូ និងស្ថាប័នពាក់ព័ន្ធអន្តរជាតិដទៃទៀត។ ស្ថាប័ននេះ ស្ថិតនៅជួរមុខនៃការគ្រប់គ្រងធនធានទឹកឆ្លងដែន ដែលមានសារៈសំខាន់ចំពោះសុខុមាលភាពអេកូឡូស៊ី និងសេដ្ឋកិច្ចសង្គមរបស់តំបន់។ ដោយសារការប្រែប្រួលអាកាសធាតុ និងកំណើននៃការអភិវឌ្ឍចេះតែបន្ត ដែលធ្វើឱ្យធនធានទឹកមានភាពតានតឹង ការងាររបស់MRC កាន់តែមានសារៈសំខាន់ និងចាំបាច់ជាងពេលណាៗទាំងអស់។
សូមរម្លឹកផងដែរថា នាពេលថ្មីៗនេះ ប្រទេសកាណាដាបានប្រកាសជាផ្លូវការនូវភាពជាដៃគូអភិវឌ្ឍន៍របស់ខ្លួន ជាមួយ MRC ដោយបានបរិច្ចាគថវិកាចំនួន ២ លានដុល្លាកាណាដា (ប្រហែល ១.៥ លានដុល្លារ អាម៉េរិក) តាមរយៈកិច្ចការសកលប្រទេសកាដាណា ដែលជាក្រសួងរបស់រដ្ឋាភិបាលដែលទទួលបន្ទុកលើ ការគ្រប់គ្រងទំនាក់ទំនងការទូត ពាណិជ្ជកម្មអន្តរជាតិ និងជំនួយការអភិវឌ្ឍ។ មូលនិធិនេះ មានគោល បំណងគាំទ្រដល់គំនិតផ្តួចផ្តើមសំខាន់ៗរបស់ MRC រួមមានការគ្រប់គ្រងទឹកឆ្លងដែន ការតាមដានទន្លេ និងការព្យាករណ៍ ដោយផ្តោតជាពិសេសលើការលើកកម្ពស់ភាពធន់របស់សហគមន៍ចំពោះបញ្ហាប្រឈម ទាក់ទងនឹងទឹក៕