ភ្នំពេញ៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា នៅចំពោះមុខបញ្ហាធំៗដែលបានលើកឡើង អំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជាមិនដែលបង្ហាញជំហរ ងាករេចេញពីការគាំទ្រគោលនយោបាយចិនតែមួយឡើយ។
នេះជាការគូសបញ្ជាក់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ នារាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលេីកឡេីងថា រដ្ឋបុរសមកពីប្រទេសនានា បានលើកយកបញ្ហាក្ដៅៗ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាមជ្ឈឹមបូព៌ា មកជជែកក្នុងជំនួបកំពូសអាស៊ីបូព៌ា លើកទី១៩។
ក្នុងនោះលោករដ្ឋមន្ត្រីប្រតិភូអមបញ្ជាក់ថា ជំហររបស់កម្ពុជា នៅចំពោះមុខបញ្ហាទាំងនេះ កម្ពុជាតែងរក្សាជំហរមួយឥតងាករេ គឺសមុទ្រចិនខាងត្បូង ត្រូវតែជាសមុទ្រសន្តិភាព សមុទ្រស្ថេរភាព និងជាសមុទ្រវិបុលភាព កម្ពុជាបន្តអនុវត្តខ្លឹមសារពេញលេញនិងទាំងស្រុង នៃសេចក្ដីថ្លែងការណ៍ប្រតិបត្តិរបស់បណ្ដាភាគី (DOC)។ លើសពីនេះទៅទៀតកម្ពុជានៅតែចង់ឃើញ ការសម្រេចឱ្យបានឆាប់ៗជាទីបំផុត នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC)។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថា “ជំហររបស់កម្ពុជា នៅចំពោះមុខ ចិនមួយគឺមិនដែលកែប្រែទេ អត់ដែលកែប្រែទាល់តែសោះ ។ លើកនេះយើងបញ្ជាក់ឡើងវិញ ជាដដែលៗ បានន័យថា កម្ពុជា ដូចខ្ញុំបានលើកឡើងខាងដើមអ៊ីចឹង កម្ពុជាទទួលស្គាល់រដ្ឋាភិបាលនៃចិនប្រជាមានិតថា ជាតំណាងផ្ដាច់មុខ នៃប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គ្រាន់តែជាផ្នែកមួយ នៃដែនដីប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន”៕
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									