ព័ត៌មានជាតិ

សម្ដេចធិបតី៖ ពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នឹងបាត់បង់ការអនុគ្រោះផ្នែកហិរញ្ញវត្ថុ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នៅពេលប្រទេសកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នឹងត្រូវបាត់បង់ការអនុគ្រោះផ្នែកហិរញ្ញវត្ថុមួយចំនួន ដោយត្រូវពឹងផ្អែកលើខ្លួនឯង និងមានភាពឯករាជ្យព្រមទាំងម្ចាស់ការផងដែរ។

នាឱកាសអញ្ជើញអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជាកំពុងត្រៀមលក្ខណៈ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។

សម្ដេចធិបតី មានប្រសាសន៍ថា «ប៉ុន្ដែនៅពេលចេញពីប្រទេសអភិវឌ្ឍន៍តិចតួច យើងនឹងប្រឈមអី? យើងនឹងត្រូវបាតបង់មួយចំនួន នូវគោលការណ៍អនុគ្រោះមួយចំនួន។ យើងត្រូវការអនុគ្រោះ ដូចជា ខាងពាណិជ្ជកម្មមួយចំនួន ខាងហិរញ្ញវត្ថុ ថា ឥឡូវមានអ្នកឯងមានហើយ លុយខ្ចីរាងខ្ពស់បន្ដិចទៅ អីចឹងសំណួរសួរទៀតថា បើលំបាកចឹងចេញធ្វើអី យើងនៅសម្ងំនៅធ្វើប្រទេសក្រីក្រទៅគេឱ្យធូរ។ សំណួរសួរថា យើងនៅក្រមួយជីវិតឬយ៉ាណា? តើយើងនៅរំពឹងគេរហូតតាមការអនុគ្រោះ ឬត្រូវរំពឹងខ្លួនឯង? ចម្លើយ គឺយើងគ្មានជម្រើសអ្វី ពង្រឹងការឯករាជ្យភាព និងម្ចាស់ការរបស់យើង តាមរយៈការចាកចេញពី LDC ដើម្បីពង្រឹងខ្លួនឯងបន្ថែមទៀត»។

សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា បើទោះបីមិនទទួលបានការ អនុគ្រោះនៅពេលចាកចេញពីប្រទេសក្រីក្រ ប៉ុន្ដែកម្ពុជាត្រូវតែចាកចេញ ដើម្បីជំរុញឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top