ព័ត៌មានជាតិ

៩ខែ កម្ពុជានាំចេញអង្ករជាង ៤៤ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៣០០លានដុល្លារ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៤៥ ៩១៣តោន គិតជាទឹកប្រាក់បានចំនួន ៣៣៥.៤០លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករបានចំនួន ៤៤៥ ៩១៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន គិតជាទឹកប្រាក់ចំនួន ១៨៦.៦៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៨១ ៤២៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.៦៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៨៦ ០៤៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.២៣ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ ២៩ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ បានចំនួន ៤៩ ៧១៦ តោន គិតជាទឹកប្រាក់ចំនួន ៤៣.៨៧លានដុល្លារសហរដ្ឋអាមេរិក»។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧២.០១% ប្រភេទអង្ករស ធម្មតា ២២.៥២% អង្ករចំហ៊ុយ ៣.៣១% អង្ករសរីរាង្គចំនួន ១.៨២% និងអង្ករផ្សេងៗចំនួន ០.៣៤% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣,៣៦៨,០១២តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ១ ០៦៦.១៤លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦.៣០ % បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

To Top