ព័ត៌មានជាតិ

ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ជំទង់​ នៅតែ​ជា​កង្វល់​ដ៏​សំខាន់​ នៅក្នុង​ប្រទេស​កម្ពុជា

ភ្នំពេញ៖ លោក Portugues នាយក​ប្រចាំ​ប្រទេស​នៃ DKT Mekong ដែលគ្រប់​គ្រង​នៅ​​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ​ បាន​និយាយដោយ​លើក​យក​ជំរឿន​ប្រជាសាស្ដ្រ និង​សុខភាព​ឆ្នាំ​២០២១-២០២២​ថា ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ជំទង់​នៅតែ​ជា​កង្វល់​ ដ៏​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ក្មេងស្រី ១៣ភាគរយ​ សម្រាលកូន​មុន​អាយុ ១៨ ឆ្នាំ​។

លោកបានថ្លែងក្នុងវេទិកា​ «​តោះ​និយាយ​ពី​បញ្ហា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ» នៅ​សណ្ឋាគារ Oakwood Premier នៅ​ថ្ងៃទី ១៤​ ខែតុលា​ថា ការ​មាន​ផ្ទៃពោះ​ដោយ​អ​ចេតនា​បានធ្វើឱ្យ​ទាំង​ម្តាយ​វ័យក្មេង និង​កូន​របស់​ពួកគេ​ប្រឈម​នឹង​ផលប៉ះពាល់​ដល់​សុខភាព​។​ កង្វះ​លទ្ធភាព​ទទួលបាន​ មធ្យោបាយ​ពន្យារកំណើត​ទំនើប និង​ការអប់រំ​អំពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ (SRH) ធ្វើឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ​។​

លោក Portugues ​បាន​កត់សម្គាល់ថា៖ «​ភាគច្រើន​នៃ​ការ​មាន​ផ្ទៃពោះ​ទាំងនេះ​គឺ​មិនមាន​ចេតនា​ទេ ហើយ​ការកែលម្អ​លទ្ធភាព​ទទួលបាន​ការ​អប់រំ SRH អាចជួយ​កាត់បន្ថយ​ហានិភ័យ​ទាំងនេះ»។​​ ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ភ្ជាប់​គម្លាត​ចំណេះដឹង ជាពិសេស​នៅ​តំបន់​ជនបទ មាន​សារៈសំខាន់​ក្នុងការ​បង្កើន ការប្រើប្រាស់​ថ្នាំ​ពន្យារកំណើត និង​កាត់បន្ថយ​ការ​មាន​ផ្ទៃពោះ​ដែល​មិនមាន​សុវត្ថិភាព​។​ កម្ពុជា​បាន​រីកចម្រើន​ក្នុងការ​ពង្រីក​សេវា ​ផែនការ​គ្រួសារ​តាមរយៈ​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​។​ ទោះយ៉ាងណា​ក៏ដោយ បញ្ហា​ប្រឈម​សំខាន់ៗ​នៅតែមាន រួមទាំង​ការ​រំលូតកូន​ដែល​មិនមាន​សុវត្ថិភាព​។ របាយការណ៍ UNFPA បានបង្ហាញ​ពី​ការស្លាប់​របស់​មាតា​ ១៦៣ នាក់​ក្នុង ១០ម៉ឺននាក់​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ ទៅនឹង​នីតិវិធី​ដែល​មិនមាន​សុវត្ថិភាព​ក្នុង​ឆ្នាំ ២០២២។​

ការពង្រីក​លទ្ធភាព​ទ​ទួលបាន​ សេវា​រំលូតកូន​ដោយ​សុវត្ថិភាព និង​ថ្នាំ​ពន្យារកំណើត គឺជា​រឿង​សំខាន់​ដើម្បី​ ទប់ស្កាត់​សោកនាដកម្ម​បែបនេះ​។​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​ នៃ​មេរោគ​អេដស៍​ក៏មាន​សារៈសំខាន់​ផងដែរ ជាពិសេស​ក្នុងចំណោម​ប្រជាជន​សំខាន់ៗ ​ដូចជា​បុរស​ដែល​រួមភេទ​ជាមួយ​បុរស (MSM) និង​មនុស្ស​វ័យក្មេង​។​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​កម្ពុជា​ បាន​រាយការណ៍​ពី​ការឆ្លង​ថ្មី​ចំនួន ១៤០០ ក្នុង​ឆ្នាំ ២០២៣ ដោយ​មនុស្ស​វ័យក្មេង​មាន​ចំនួន ៤២​ភាគរយ​នៃ​ករណី​។​

លោក Portugues បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ សេវា​សុខភាព​ផ្លូវភេទ​ដែល​អាច ​ចូល​ដំណើរការបាន ដោយ​មិន​វិនិច្ឆ័យ​ដើម្បី​ កាត់បន្ថយ​ការឆ្លង​ជំងឺ​កាមរោគ (STIs) និង​មេរោគ​អេដស៍​។

ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ កន អូន ប្រធាន CAGE និង​ជា​ប្រធាន​នាយកដ្ឋាន​រោគស្ត្រី នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​​ថ្លែង​​ថា តាម​ធម្មជាតិ មនុស្ស​កើត​មក​គ្រប់ការ គ្រប់​វ័យ អ័រម៉ូនផ្លូវភេទ​​មាន​ការ​លូត​លាស់ ដែល​តម្រូវ​ឱ្យ​មាន​សេ្នហា។ នៅក្នុង​សង្គម​ខ្មែរ នៅមាន​បញ្ហា​យល់​ច្រឡំ​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​ឥរិយាបថ​នៃការ​រួមភេទ​ខុស​ឆ្គង​។ 

លោកសាស្ត្រាចារ្យ ​បញ្ជាក់ថា បញ្ហា​ផ្លូវភេទ​ចំពោះ​មនុស្សស្រី វា​ទាក់ទង​នឹង​ Reproductive system ទាក់ទង​នឹង​ទ្វារ​មាស ដែលជា​នៅតែមាន​ការ​យល់​ច្រឡំ​ ទោះបីជា​ក្នុង​ចំណោម​គ្រូ​ពេទ្យ​។ តាម​ពិត ទ្វារ​គឺជាផ្លូវ​ចេញ​ចូល ហើយ​មាស គឺជា​ខែ ទសមាស ឬ ១០ខែ​។

លោក​បាន​លើក​ឡើង​ពី​ការ​ ប្រើប្រាស់​ពាក្យ​ពេចន៍​មិនចំ ដោយ​និយាយ​បែប​បង្វៀង​ថា «បង​ប្អូន​មក​លេង ដែល​ជំនួស​ដោយ​ពាក្យថា មករដូវ​ ជាដើម។ រដូវនេះ គឺជា​ធម្មជាតិ​របស់​ស្ដ្រី ដែល​ត្រឹមត្រូវ​ទាំង​ពី​ថ្ងៃ​ ខែ​ គឺមាន​រយៈ​ពេល ២៨ថ្ងៃ អនុលោម​តាមខែខ្មែរ ២៨ថ្ងៃ ហើយ​រដូវ​អាច​ទៀងទាត់​អាស្រ័យ​លើ​ស្ដ្រី​ម្នាក់​ៗ​​»។ ដោយសារកត្ដា​វប្បធម៌​ ការ​ជជែក​អំពី​បញ្ហា​រួម​ភេទ​មិន​ត្រូវ​បាន​ ធ្វើ​ឡើង​យ៉ាង​ទូលំទូលាយ​នោះទេ។ ចាស់ៗ​តែងតែ​ហាម​ឃាត់​ក្មេងៗ​មិន​ឱ្យ​និយាយ​ ឬ​ឮ​អំពី​បញ្ហា​រួម​ភេទ​។ ឪពុក​ម្ដាយ​មួយចំនួន​បង្ខំ​ឱ្យ​រៀបការ​អាយុ​ក្រោម ១៨ ឆ្នាំ ដោយ​ពួកគេ​មិន​យល់​អំពី​បញ្ហា​សុខភាព​ផ្លូវភេទ
និង​បន្ដ​ពូជ​ទាំង​នេះ។

លោក​ក៏បាន​លើក​យក​ឧទាហរណ៍ថា «​ខ្ញុំ​ធ្លាប់​ជួប​ហេតុការណ៍​បែប​នេះ​ផ្ទាល់ ពួកគេ​រៀបការ​ថ្ងៃនេះ ស្អែក​ឡើង​ចូល​ពេទ្យ​។ ពួកគេ​មាន​បញ្ហា​ធ្លាក់​ឈាម និង​ករណី​ខ្លះ​មាន​រហូត​ដល់​ស្លាប់​។ ទាំង​នេះ​គឺកង្វះ​ចំណេះដឹង​ផ្នែក​សុខភាព​បន្ដពូជ និងផ្លូវភេទ​។ ការ​រួមភេទ​ត្រូវបាន​ធ្វើ​ឡើង​ដោយបង្ខំ​​ ​កម្លាំង​ខ្លាំង​ រហែ​កដាច់​ទ្វារ​មាស ហើយ​ត្រូវបាន​ឪពុកម្ដាយ​ទូន្មាន​ថា វា​ជា​រឿង​ធម្មតា​ទេ​»។

លោកវេជ្ជបណ្ឌិត​បាន​ថ្លែងថា បច្ចុប្បន្ន យុវវ័យ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​បញ្ហា​ផ្លូវ​ភេទ​ ការ​រួម​ភេទ និង​សុខភាព​បន្ដ​ពូជ​ ដោយ​ខុស​ពី​ចាស់ៗ​ដែល​មិន​ខ្វល់​ខ្វាយ​ ចំពោះ​ការ​ដាច់​រហែក​ទ្វារ​មាស​ពេល​រួមភេទ​នេះ​។ 

លោក​បាន​ឱ្យដឹងថា រាជរដ្ឋាភិបាល​ផ្ដល់​ការ​អប់រំ​ ដល់​បុគ្គល​ផ្នែកវេជ្ជសាស្ដ្រថ្នាក់​​មូលដ្ឋាន​ទាំងអស់ ដើម្បី​ឱ្យ​ពួកគេ​បន្ដ​បញ្ជ្រៀប​ចំណេះដឹង​ ទាំង​នោះ​ដល់​ប្រជាពលរដ្ឋ​។ ប៉ុន្ដែ​លោក​ក៏​បារម្ភ​ចំពោះព័ត៌មាន​​បណ្ដាញ​សង្គម និង​ព័ត៌មាន​ក្លែងក្លាយ​ ដែល​ផ្សព្វផ្សាយ​ពី​ប្រសិទ្ធភាព​ផលិតផល ​របស់​ពួកគេ​ព្យាបាល​ជំងឺ​ល្អ​ឥត​ខ្ចោះ​ ដែល​នាំឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ឆាប់​ជឿ៕

To Top