ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំក្រសួង ២ ត្រូវគ្រប់គ្រងឱ្យបាន ចំពោះអ្នកប្រើផ្លាកលេខឡាន ខ ម និង ន ប

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវគ្រប់គ្រងឱ្យបាន ចំពោះអ្នកប្រាស់ប្រាស់ផ្លាកលេខឡាន ខ.ម និង ន ប ហើយត្រូវប្រើឱ្យចំគោលដៅផងដែរ។

ការណែនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានបុគ្គលមួយចំនួន ដែលជាអ្នកប្រើប្រាស់រថយន្តពាក់ផ្លាកលេខ ខ ម និង ន ប ប្រើប្រាស់ខុសគោលដៅ រហូតមានទាំងជនបរទេស ក៏បានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ ខ ម និង ន ប ហើយបានបង្កឱ្យមានបាតុភាពមួយចំនួន នៅក្នុងសង្គម ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាដើម។

ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ បានឃើញ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ បានចេញគោលការណ៍ណែនាំ អារឿងឡាន ខ ម។ ថ្ងៃមុន ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានណែនាំ រឿងផ្លាកលេខ ន ប សូមគ្រប់គ្រងឱ្យបាន ទាំងការចេញលេខឱ្យ និងការប្រើប្រាស់ ឱ្យចំគោលដៅ»។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានណែនាំឱ្យគ្រប់គ្រងអាវុធគ្រាប់ នៅតាមបណ្ដាអង្គភាព ក៏ត្រូវយកចិត្ដទុកដាក់ពង្រឹង ហើយចំពោះឃ្លាំងអាវុធគ្រាប់ ត្រូវរៀបចំសន្ដិសុខ ឱ្យបានល្អផងដែរ៕

To Top