ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ជា សិរី៖ ការដាក់ឱ្យចរាចរណ៍ក្រដាសប្រា ក់២សែនរៀល មិនមែនរាជរដ្ឋាភិបាល ខ្វះលុយ ហើយបោះផ្សាយលុយបន្ថែមនោះទេ

ភ្នំពេញ៖ ដើម្បីកុំឱ្យមានការភ័ណ្ឌច្រឡំ និងមានការយល់ខុសលើកការប្រកាស ដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី ២សែនរៀលនេះ លោកស្រី ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួស ក្រដាស់ប្រាក់ចាស់ ទក់ រហែក ដែលដកចេញពីចរាចរណ៍ក្នុងសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនមែនបានន័យថា ធនាគារជាតិនៃកម្ពុជា ឬរាជរដ្ឋាភិបាល ខ្វះលុយ ហើយបានជាត្រូវបោះផ្សាយលុយ ដាក់ឱ្យប្រើប្រាស់បន្ថែមនោះទេ ។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ដើម្បីអបអរសាទរ ខួបលើកទី២០ នៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញ នូវក្រដាសប្រាក់ប្រភេទ ២សែនរៀល ចំនួន ២០លានសន្លឹក ។

យោងតាមវីដេអូដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គម លោកស្រី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា “ក្នុងឱកាសដាក់ចេញនូវធន់បត្រ ប្រភេទ ២សែនរៀលនៅថ្ងៃនេះ ខ្ញុំសូមជម្រាបថា នឹងមិនប៉ះពាល់អ្វីទៅដល់ចំនួន រូបិយវត្ថុដែលមាននៅក្នុងចរាចរណ៍ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងទេ” ។

លោកស្រីបណ្ឌិត បន្ថែមថា “មានការព្រួយបារម្ភកន្លងមក នៅពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវប្រភេទធនបត្រថ្មី ថាធនាគារជាតិនៃកម្ពុជា ឬក៏រាជរដ្ឋាភិបាល ខ្វះលុយ ចឹងហើយបានជាត្រូវបោះផ្សាយលុយ ដាក់ឱ្យប្រើប្រាស់បន្ថែម ខ្ញុំសូមជម្រាបថា ការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួស ក្រដាស់ប្រាក់ចាស់ ទក់ រហែក ដែលយើងបានដកចេញពីចរាចរណ៍ នេះបានន័យថាកន្លងមក នៅពេលដែលធនាគារជាតិនៃកម្ពុជា បានដាក់ធនបត្រទៅក្នុងចរាចរណ៍ ធនបត្រនោះ វាតែងតែមានការចាស់ ទក់ រហែក ជារឿងធម្មតា ការប្រើប្រាស់ដោយដៃសើម ជួនកាលប៉ះពាល់ដី ជួនកាលត្រូវក្តៅខ្លាំង ឬក៏អាចមានរហែក ឬក៏មានសរសេរប៊ិចអីនៅលើនេះ” ។

លោកស្រីទេសាភិបាល បន្ថែមថា ៖ ដូច្នេះហើយរាល់ពេលដែលធនាគារជាតិ ប្រមូលនូវប្រភេទក្រដាសប្រាក់នេះចូលមកធនាគារជាតិវិញ តាមរយៈការបង់ប្រាក់ ចូលពីសាធារណជន តាមសាខាធនាគារជាតិនៃកម្ពុជា តាមរយៈយន្តការ ឬយុទ្ធនាការស្រលាញ់ប្រាក់រៀល​ ដែលកន្លងមកធនាគារជាតិនៃកម្ពុជា តែងតែធ្វើឡើងនៅតាមទីរួមខេត្តមួយចំនួន ដើម្បីផ្លាស់ប្តូរក្រដាសចាស់ ទក់រហែក ជាមួយនឹងប្រភេទក្រដាសថ្មី គឺក្រដាសប្រាក់ទាំងនោះ យើងនឹងយកទៅធ្វើស្រាវជ្រើស ស្រាវជ្រើសនេះគឺបានន័យថាយើងនឹងជ្រើសរើសថា តើប្រភេទក្រដាសប្រាក់ណា ដែលចាស់ដែលប៉ុន្តែអាចដាក់ចូលទៅប្រើប្រាស់ក្នុងចរាចរណ៍ ក្នុងសេដ្ឋកិច្ចឡើងវិញ ហើយប្រភេទក្រដាសប្រាក់ណា ដែលយើងត្រូវយកទៅកាត់ដុតចោល ដូច្នេះនៅពេលដែលយើងសម្រេចថា ក្រដាសប្រាក់នោះមិនអាចដាក់ចូលទៅក្នុងចរាចរណ៍វិញបាន គឺទី១ យើងត្រូវយកទៅកាត់ជាកំណាត់តូចៗ បន្ទាប់មកគឺយើងយកទៅដុតចោល នៅឡរ របស់ធនាគារជាតិ នៃកម្ពុជា ហើយចំនួនដែលកាត់និងដុតនោះ គឺយើងនឹងដឹងច្បាស់ថា មានទំហំប៉ុន្មាន ហើយយើងនឹងជំនួស នៅទំហំទឹកលុយ ដែលយើងដុតនឹង ដោយក្រដាសប្រាក់ថ្មី ជួនកាល ការជំនួសនឹង គឺថា បើយើងកាត់ក្រដាស១ម៉ឺន យើងជំនួសដោយក្រដាស១ម៉ឺន យើងកាត់ក្រដាស៥រយ យើងជំនួសដោយក្រដាស៥រយ ក៏ប៉ុន្តែក៏យើងអាចជំនួសដោយប្រភេទ​ក្រដាសប្រាក់ថ្មី ប៉ុន្តែទំហំ បរិមាណសរុប ត្រូវឱ្យស្មើគ្នា ប៉ុន្តែយើងអាចដូរប្រភេទធនបត្របាន ។

លោកស្រី ជា សិរី បន្ថែមថា “ដើម្បីអបអរសាទរ ខួបលើកទី២០ នៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញ នូវក្រដាសប្រាក់ប្រភេទ ២សែនរៀល ចំនួន ២០លានសន្លឹក ក្រដាសប្រាក់នេះ បើយើងនិយាយ​ឱ្យសាមញ្ញទៅជាប្រភេទក្រដាសប្រាក់អនុស្សាវរីយ៍ ជាប្រភេទក្រដាសប្រាក់ Collection ដែលយើងនឹងចេញផ្សាយ តែ២០លានសន្លឹកតែប៉ុណ្ណោះ គឺយើងប្រើលេខ២០ម៉ឺន ដើម្បីគម្រប់២០ឆ្នាំ និង២០លានសន្លឹក ដើម្បីគម្រប់២០ឆ្នាំនេះ ចឹងហើយខ្ញុំសង្ឃឹមថា នឹងមិនមានការយល់ច្រឡំ ឬការបកស្រាយខុសពីការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះទេ”៕

To Top