ព័ត៌មានជាតិ

ជិត១ឆ្នាំ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរជាង១លាននាក់

ភ្នំពេញ៖ រយៈពេលជិតមួយឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការចាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទទួលបានជើងហោះហើរ ចេញ-ចូល ចំនួន១៤,៥៥៦ជើង រួមទាំងអ្នកដំណើរចេញ-ចូល ចំនួន១,៣០០,០៤៨នាក់។ នេះបើយោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។

ក្នុងថ្ងៃគម្រប់ខួប១ឆ្នាំនៃការបើកដំណើរការ ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមជាមួយ លោក Weng Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មពិធីនេះ។

នៅចំពោះមុខ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)នេះ ក៏ជាសមិទ្ធផលមួយ ដែលកើតចេញពី «គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ» ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបានពង្រីកយ៉ាងលឿន នូវកិច្ចសហការទៅលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ការកែលម្អការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសទាំងពីររួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្មឧស្សាហកម្ម, ទេសចរណ៍, ការវិនិយោគវិស័យកសិកម្ម និងវិស័យដឹកជញ្ជូនទំនាក់ទំនងគ្នាទៅវិញទៅមក រវាងប្រជាជន និងប្រជាជន។ 

លោកបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននៅកម្ពុជា បានជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ស៊ីវិល វិស័យទេសចរណ៍ ការវិនិយោគ ប្រកបដោយចីរភាព និងភាពធន ស្របតាមទស្សនវិស័យ គោលនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។  

លោក ម៉ៅ ហាវណ្ណាល់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបន្តខិតខំពង្រឹងនិងពង្រីកលក្ខណសម្បត្តិរបស់ខ្លួនបន្ថែមទៀត សម្រាប់ចាប់យកកាលានុវត្តភាព ដែលមាននៅលើទីផ្សារជាតិនិងអន្តរជាតិ ជាពិសេសការត្រៀមខ្លួនឱ្យបាន រួចរាល់នៅចំពោះមុខបញ្ហាប្រឈមថ្មីៗ ដែលជាបច្ច័យពីកត្តាខាងក្រៅ និងកត្តាខាងក្នុង រួមទាំងអ្វីៗ ផ្សេងៗទៀត ដែលយើងគួរបង្កើតឱ្យមាន និងត្រូវផ្សព្វផ្សាយទៅកាន់ពិភពលោកថាប្រទេសកម្ពុជា ជាជម្រើសល្អមួយ ដែលមិនត្រឹមតែមកទស្សនាប៉ុណ្ណោះទេ ប៉ុន្ដែជាកន្លែងដែលមកដើម្បីបង្កើត និងបង្កើនចំណូលអាជីវកម្ម កិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន ផ្សេងៗទៀត។ 

បើយោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា៖ 

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បច្ចុប្បន្នមាន៖

* សមត្ថភាពអាចទទួលបាន យន្តហោះរហូតដល់កូដអី (Code E: A-340-300, A350-900 and B777-200/300ER, B747-300/400..) មានចំណតយន្ដហោះចំនួន៣៨

* សមត្ថភាពអាចទទួលបាន អ្នកដំណើរប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ៧លាននាក់/ឆ្នាំ និងរយៈពេលវែង២០លាននាក់/ឆ្នាំ

* សមត្ថភាពអាចទទួលបាន ទំនិញប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ១០,០០០តោន/ឆ្នាំ និងរយៈពេលវែង ៦០,០០០តោន/ឆ្នាំ

* មន្ត្រីបុគ្កលិកសមត្ថកិច្ចចម្រុះពាក់ព័ន្ធ ចំនួន ១,០៣៣ នាក់ (រដ្ឋ និងឯកជន) ដែលកំពុងបម្រើការនៅក្នុងអាកាសយានដ្ឋាននេះ។

ចាប់តាំងពីបើកដំណើរការ បានជិត១ឆ្នាំកន្លងមកនេះ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបាន៖

*ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង

*អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់

*ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថា នឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤ (ប្រភពALAI)។

ដោយឡែកសម្រាប់រយៈពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ២០២៤ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្អរ (SAI) មាន៖

*ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ម៉ឺនជើង (១០,៩៨៩ ជើង) មានការកើនឡើងប្រមាណ ២៤% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣

*អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៩សែននាក់ (៩៧៤,២០៣ នាក់) មានការកើនឡើងប្រមាណ ៣១% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣

*ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៧៦តោន (៧៦,០០០គីឡូក្រាម) មានការថយចុះប្រមាណ (៤៦%) បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣។

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ (គ.អ.ទ.ស) បានធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ឱ្យកាន់តែមានសង្គតិភាពទាំងលើទិដ្ឋភាពខ្លឹមសារ និងយន្តការអនុវត្ត សំដៅធានាប្រសិទ្ធភាព នៅពេលដែលផែនការនេះត្រូវបានអនុម័ត នាពេលខាងមុខ។ផែនការអភិវឌ្ឍន៍ សម្រាប់រយៈពេល៤ឆ្នាំនេះ នឹងចូលរួមចំណែកឆ្លើយតបទៅនឹង បំណងប្រាថ្នានានា របស់រាជរដ្ឋាភិបាល ឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មអាកាសចរណ៍ និងប្រជាពលរដ្ឋ ដូចដែលមានចែងក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។ តាមរយៈកិច្ចសហការក្នុងការអនុវត្តផែនការនេះ ខេត្តសៀមរាបនឹងក្លាយជាគោលដៅទេសចរណ៍ស្នាក់នៅយូរ និងចំណាយច្រើន គ្រប់រដូវកាល ប្រកបដោយគុណភាព ភាពធន់ និរន្តរភាព និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៥លាននាក់ និងភ្ញៀវទេសចជាតិ ប្រមាណជាង ១០លាននាក់ ដោយបង្កើតការងារសរុបប្រមាណ ១.៦លាននាក់ ក្នុងនោះការងារដោយផ្ទាល់ ក្នុងវិស័យទេសចរណ៍ប្រមាណ ៩៤ម៉ឺននាក់ និងនាំមកនូវចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥.៩ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣៥៕

To Top