កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកព្រឹត្តិការណ៍ ប្រណាំងទូក ខ្នាតអន្តរជាតិ និងទូកវែង ក្នុងពិធីបុណ្យចេញព្រះវស្សា ដែលព្រឹត្តិការណ៍នេះ ធ្វើឡើង នៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។

លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា ថ្ងៃនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រណាំងទូក-ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុជកាំជ្រួច និងការរៀបចំតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍អមដោយការប្រគុំតន្រ្តី អបអរសាទរក្នុងឱកាសនៃពិធីបុណ្យចេញព្រះវស្សា
ឆ្នាំនេះ។

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងការតាំងពិព័រណ៍ផលិតផលនានា ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ។យើងអាចរៀបចំព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ បានគឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងប្រជាពលរដ្ឋមានជីវភាពធូរធារ។

គួរបញ្ជាក់ផងដែរថាៈ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងជាការលើកស្ទួយវិស័យកីឡាអុំទូក សម្រាប់បង្កបរិយាកាសសប្បាយរីករាយជូន ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ៕

