ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងឱ្យដឹងថា តួនាទីរបស់ប្រជាពលរដ្ឋ គឺការពារសមិទ្ធផល ទាំងឡាយ របស់រាជរដ្ឋាភិបាល ដោយមិនអនុញ្ញាត ឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្ត ជាដាច់ខាត។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-17_15-14-46-1-1024x678.jpg)
នាឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោក ប៉ែន បូណា បានថ្លែងថា កិច្ចខិតខំប្រឹងប្រែង ប្រកបដោយការលះបង់ដ៏ធំធេងបំផុត របស់ថ្នាក់ដឹកនាំនៃយើង បានធ្វើឱ្យកម្ពុជា មានការប្រែប្រួលខុសគ្នាស្រឡះ រវាងអតីតកាល និងបច្ចុប្បន្នកាល ហើយកំពុងបោះជំហានឆ្ពោះ ទៅអនាគតកាលប្រកបដោយក្តីសង្ឃឹម ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-17_15-14-49-1-1024x682.jpg)
លោក បន្តគូសរំលេចទៀតថា សមិទ្ធផលដែលយើងមានសព្វថ្ងៃមានទំហំធំធេងណាស់ សម្រាប់ប្រទេស ដ៏កំសត់របស់យើង។ ដូច្នេះ ការការពាររាជរដ្ឋាភិបាល ពីការមួលបង្កាច់ ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើ ផលប្រយោជន៍បរទេស គឺជាតួនាទីរបស់យើង ទាំងអស់គ្នា ដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការការពាររាជរដ្ឋាភិបាល ពីការមួលបង្កាច់មានន័យថា យើងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-17_15-14-52-1-1024x682.jpg)
អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងទិសដៅសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។អ្នកនាំពាក្យ ថា « ផ្ទុយទៅវិញ មានក្រុមជ្រុលនិយមមួយចំនួន ដែលមិនបានកសាងសមិទ្ធផលអ្វីសោះ តែបែរជាអង្គុយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ និងមួលបង្កាច់ដើម្បី ញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមសំដៅរារាំងដំណើរ ការអភិវឌ្ឍជាតិទៅវិញ។ ដូច្នេះ តួនាទីរបស់យើង គឺការពារសមិទ្ធផលទាំងឡាយ របស់រាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្តជាដាច់ខាត»។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-17_15-14-56-1-1024x623.jpg)
បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមជ្រុលនិយម ដែលចាំរារាំងដំណើរការកសាងប្រទេសមាន ការរៀបចំជាបណ្តាញប្រទាក់ក្រឡាគ្នា ពោលគឺមានអ្នកប្រឌិតព័ត៌មានក្លែងក្លាយ មានអ្នកជួយបំពងសំឡេង ដើម្បីឱ្យប្រជាពលរដ្ឋយល់ច្រឡំ មកលើរាជរដ្ឋាភិបាល និងមានអ្នកចាំជួយការពារ នៅពេលមានវិធានការ ឬចំណាត់ការផ្លូវច្បាប់ជាយថាហេតុ។ អ្នកនាំពាក្យ គូសបញ្ជាក់ថា «ដូច្នេះ ទន្ទឹមនឹងការការពាររាជរដ្ឋាភិបាល ពីការមួលបង្កាច់ យើងក៏ត្រូវប្រាប់ប្រជាពលរដ្ឋយើងឱ្យបានដឹងអំពីរឿងនេះផងដែរ ជាពិសេសយុវជន ដើម្បីកុំឱ្យពួកគេជឿការឃោសនាភូតកុហក និងកុំឱ្យធ្លាក់ខ្លួនជាឈ្នាន់ នយោបាយដ៏គ្រោះថ្នាក់» ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-17_15-14-59-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)