ព័ត៌មានជាតិ

កម្ពុជា​ ស្នើរុស្ស៊ី ជួយបណ្ដុះបណ្ដាល ធនធានមនុស្ស ដល់បណ្ដាប្រភេទទ័ព ក្នុងកងយោធពលខេមរភូមិន្ទ ពិសេសផ្នែកសង្គ្រាម អេឡិចត្រូនិក

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសំណូមពរដល់ភាគីកងទ័ពរុស្ស៊ី ជួយបណ្ដុះបណ្ដាល ធនធានមនុស្ស ដល់បណ្ដាប្រភេទទ័ព ក្នុងកងយោធពលខេមរភូមិន្ទ ជាពិសេសផ្នែកសង្គ្រាមអេឡិចត្រូនិក ដែលកងទ័ពរុស្ស៊ីធ្លាប់មានបទពិសោធន៍ ។

ការសំណូមពរនេះ ធ្វើឡើងក្នុងនាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យលោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ (Ivan STADCHENKO) នាយការិយាល័យអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន ។

ក្នុងជំនួបនាឱកាសនោះ លោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ បានបញ្ជាក់ពីការមកបំពេញបេសកម្ម របស់លោកជាលើកទី២ នៅកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ។
លោកវរនាវីឯកបន្តថា កន្លងមករូបលោកធ្លាប់មាន បទពិសោធន៍ធ្វើការ នៅព្រះរាជាណាចក្រកម្ពុជា ហើយបេសកម្មថ្មី របស់លោកនឹងទទួលបា នជោគជ័យថែមទៀត ដែលទាំងនេះក៏ត្រូវការជាចាំបាច់នូវជំនួយ និងការសម្របសម្រួល ពីឯកឧត្តមអគ្គមេបញ្ជាការផងដែរ។

លោកអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មី ក៏បានជម្រាបពីជំនួបពិភាក្សា ការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលផ្តោតសំខាន់ធ្វើឱ្យកង ទ័ពប្រទេសទាំងពីរ កាន់តែមានទំនាក់ទំនងល្អជាមួយគ្នា ក្នុងនោះកងទ័ពរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់កងទ័ពកម្ពុជា។

ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលកន្លងមកបានជួយកម្ពុជា នៅក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ការរួមចំណែកអភិវឌ្ឍន៍កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសក្នុងគ្រាលំបាក រុស្ស៊ីជួយគាំទ្រសំខាន់បំផុតខាងផ្នែកនយោបាយ ។

ដោយឡែកលើវិស័យយោធា នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងពីទំនាក់ទំនង រវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដែលបានចុះអនុស្សាណៈយោគយល់គ្នា ក្នុងគោលដៅពង្រឹង កិច្ចសហប្រតិបត្តិការឲ្យស្អិតរមួត ហើយដែលត្រូវបានបន្តពង្រឹង ពង្រីកជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ។

ជាមួយនោះ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ ក៏បានស្នើសុំដល់ភាគីរុស្ស៊ីក្នុងការពង្រឹងការផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការបន្តកិច្ច សហប្រតិបត្តិការ ការធ្វើលំហាត់សង្គ្រោះគ្រោះអន្តរាយ ដូចជាការងារមនុស្សធម៌ និងការជួយពង្រឹងសមត្ថភាពកងកម្លាំងថែរក្សាសន្តិភាពផងដែរ ៕

To Top