ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងមានការគាំទ្រ ដោយអង្គការ អន្តរជាតិ ខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារ ពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។
![](https://dap-news.com/wp-content/uploads/2024/10/IMGL4398-1024x683.jpg)
ថ្លែងក្នុងសន្និសីទ សារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែតុលានេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺន កន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៤ ម៉ឺននាក់ ។
![](https://dap-news.com/wp-content/uploads/2024/10/IMGL4458-1024x683.jpg)
លោករដ្ឋលេខាធិការ បញ្ជាក់ទៀតថា គោលបំណងសំខាន់ៗនៃការការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាព ក្នុងទីផ្សារការងារ តាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និង ដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និង ចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផង ដែលនូវសិក្ខាសាលា ផលិតភាពដើម្បីលើកកម្ពស់ការ យល់ដឹង ស្តីពីការបង្កើនផលិតភាព ការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។
![](https://dap-news.com/wp-content/uploads/2024/10/IMGL4465-1024x683.jpg)
លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ស.ស.យ.ក រាជធានីភ្នំពេញ បានធ្វើជាដៃគូជាមួយនឹង NEA ចាប់តាំងពីពិព័រណ៌ការងារ ចាប់ផ្តើមជាលើកដំបូងមក ហើយតែងតែជួយផ្សព្វផ្សាយ ដើម្បីជំរុញឲ្យមានការចូលរួមកាន់ តែច្រើនតាមរយៈបណ្តាញ ស.ស.យ.ក. នៅទូទាំងប្រទេសផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/IMGL4549-1024x683.jpg)
លោកចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ហើយលោកក៏បានអំពាវនាវ ដល់យុវជនទាំងអស់ ឲ្យរៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយៈពេល ២ថ្ងៃ នេះផងដែរ ។
![](https://dap-news.com/wp-content/uploads/2024/10/IMGL4741-1024x683.jpg)
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគម TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃផលិតភាពការងារ នៅក្នុងទីផ្សារការងារ នាពេលបច្ចុប្បន្នផងដែរ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិនេះ គឺមិនអាចមិនគិតពីប្រធានបទ ផលិតភាពការងារបានទេ ព្រោះក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលជ្រើសរើសបុគ្គលិកមកធ្វើការ គឺតែងតែយកចិត្តទុកដាក់លើផលិតភាពការងារ របស់បុគ្គលិកខ្លួន។
![](https://dap-news.com/wp-content/uploads/2024/10/IMGL4587-1024x683.jpg)
លោកបន្តថា ពិព័រណ៍ការងារ នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាព ដែលនឹងផ្តោតលើប្រធានបទ “ការបង្កើនផលិតភាព ៖ ជំនាញ និងកំណើន ប្រកបដោយចីរភាព” ដែលនឹងមានការ ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជុំវិញ ប្រធានបទផលិតភាពពី សំណាក់វាគ្មិន ជំនាញជាច្រើនរូបផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/IMGL4679-1024x683.jpg)
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំ តាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារ ធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារ ធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦ ៕
![](https://dap-news.com/wp-content/uploads/2024/10/IMGL4504-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMGL4639-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMGL4547-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMGL4560-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMGL4800-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMGL4702-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMGL4600-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMGL4605-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMGL4732-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMGL4608-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMGL4842-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)