ព័ត៌មានជាតិ

សម្ដេចតេជោ៖ កិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច ក្នុងការដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា ហាក់បីដូចជាហួសសម័យទៅហើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុច របស់មេដឹកនាំអាស៊ាន សម្រាប់ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា នាពេលនេះ ហាក់បីដូចជាហួសសម័យទៅហើយ។ ដោយសម្ដេចបានលើកឡើងជា អំណះអំណាងថា ជាក់ស្តែង ចំណុចមួយនៃចំណុចទាំង៥នោះ លើកឡើង ពីការទប់ស្កាត់ហិង្សា ប៉ុន្តែពេលនេះ ស្ថានភាពរាលដាល សឹងតែក្លាយទៅជាសង្រ្គាមស៊ីវិលទៅហើយ។

ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ លោក Christian Lechervy (គ្រីស្សង់ ឡឺសែវី ) ឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា បានលើកឡើងថា បារាំងនឹងនៅតែបន្តផ្តល់ការគាំទ្រអាស៊ាន ទៅលើយន្តការ និងរាល់សកម្មភាពដូចដែលសម្តេចតេជោ បានធ្វើការងារទាំងនេះ នៅឆ្នាំ២០២២ គឺការផ្តល់ជំនួយដល់ជនរងគ្រោះ តាមរយៈកាកបាទក្រហមមីយ៉ាន់ម៉ាផ្ទាល់ និងតាមអង្គការសង្គមស៊ីវិលផងដែរ។ យើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដឹកនាំប្រតិបត្តិការនានា ជួយប្រជាជនដែលកំពុងជួបការលំបាកយ៉ាងខ្លាំង។ ប្រជាជន និងប្រទេសមីយ៉ាន់ម៉ា កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ហើយជំនួយនេះធ្វើទៅបានលុះត្រាតែ មានដំណោះស្រាយផ្នែកនយោបាយ។ នេះជាសារ ដែលយើងចង់ផ្ញើ ទៅភាគីពាក់ព័ន្ធនៃវិបត្តិនេះ ក៏ប៉ុន្តែវិបត្តិនេះ មិនមែនមានតែភាគីជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចនៅឆ្នាំ ២០២១នោះទេ ក៏ប៉ុន្តែ ហាក់ដូចជាប្រែទម្រង់ទៅជាវិបត្តិ ក្នុងតំបន់និងពិភពលោក។ ប្រទេសបារាំង ត្រៀមខ្លួនជានិច្ច ផ្តល់ការគាំទ្រដល់អាស៊ាន ជាពិសេស កុងសង់ស៊ីស ៥ចំណុច។

លោក ក៏បានបង្ហាញពីការចង់ដឹង អំពីទស្សនៈរបស់សម្ដេចតេជោ ក្នុងឋានៈសម្ដេចជាឥស្សរជនមួយរូប ក្នុងតំបន់អាស៊ាន ជុំវិញការរកដំណោះស្រាយមីយ៉ាន់ម៉ា។

ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះការទទួលស្គាល់តួនាទី របស់សម្តេច ក្នុងការចូលរួមដោះស្រាយវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ាកន្លងមក។ សម្តេចតេជោ ក៏បានរំលឹក ពីអនុស្សាវរីយជួបពិភាក្សាជាមួយ លោកប្រធានាធិបតីម៉ាក្រុង ដែលមានទាំងបញ្ហាសភាពការណ៍ នៅមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែន និងបញ្ហាដទៃទៀត។

សម្តេចតេជោ បានថ្លែងអំណរគុណ ប្រទេសបារាំង ដែលបានគិតគូរពីតំបន់អាស៊ាន របស់យើង តាមរយៈការរៀបចំប្រេសិតពិសេសទទួលបន្ទុកវិបត្តិនៅមីយ៉ាន់ម៉ា នេះ គឺជាការរួមចំណែក ដល់សន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង និងក្នុងតំបន់អាស៊ានផងដែរ។

សម្តេចតេជោ បានជម្រាបទៅលោកអគ្គរដ្ឋទូតថា អាស៊ាន បានធ្វើកិច្ចការច្រើនណាស់ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិ នៅមីយ៉ាន់ម៉ា ហើយជាចម្បងនោះ អាស៊ានត្រូវមានការឯកភាពគ្នា។

សម្តេចតេជោ បានរំលឹកពីកិច្ចប្រជុំ នៅប្រទេសឥណ្ឌូនេស៊ី ដែលបានឈានដល់ការអនុម័ត កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុច របស់មេដឹកនាំអាស៊ាន លើវិបត្តិមីយ៉ាន់ម៉ា។

សម្តេចតេជោ បានបន្តថា នៅដើមឆ្នាំ២០២២ ក្នុងពេលដែលសម្ដេចធ្វើជាប្រធានអាស៊ាន សម្ដេចបានទៅកាន់មីយ៉ាន់ម៉ា តែពេលនោះសម្ដេចបានទទួលការ អបអរផង និងរិះគន់ផង។ ទោះជាយ៉ាណាក្តី ទស្សនកិច្ច របស់សម្តេចទៅប្រទេសមីយ៉ាន់ម៉ា គឺដើម្បីព្យាយាមរកដំណោះស្រាយ និងបើកផ្លូវឱ្យមានការចរចា រវាងភាគីជម្លោះពាក់ព័ន្ធ និងឱ្យមានផ្តល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជន មីយ៉ាន់ម៉ា ដែលរងគ្រោះ ដែលជាការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច។ ជាប្រធានអាស៊ាន សម្តេចមិនអាចនៅស្ងៀម មិនអើពើនឹងស្ថានភាពដ៏អាក្រក់ក្នុងប្រទេសជាសមាជិកអាស៊ានទេ។

ជាមួយគ្នានេះដែរ សម្តេចតេជោបានចែករំលែកជាមួយ លោកឯកអគ្គរដ្ឋទូត Christian Lechervy អំពីយុទ្ធសាស្ត្រ ទស្សនៈ និងបទពិសោធន៍របស់សម្តេច ក្នុងការចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា កាលពីទសវត្សឆ្នាំ១៩៨០ និង១៩៩០។

សម្តេចបានគូសបញ្ជាក់ ពីភាពចាំបាច់ក្នុងការជួបចរចា និងធ្វើការជាមួយនឹង អ្នកកាន់អំណាចជាក់ស្តែង នៅក្នុងការដោះស្រាយវិបត្តិ និងផ្តល់ជំនួយមនុស្សធម៌។

សម្ដេចបន្តថាស្ថានការណ៍ នៅប្រទេសមីយ៉ាន់ម៉ា មានភាពស្មុគស្មាញ ដែលគួរតែត្រូវបានគិតគូរឡើងវិញ ចំពោះកញ្ចប់ផែនការថ្មី នៃដំណោះស្រាយ សម្រាប់មីយ៉ាន់ម៉ា ឱ្យស្របនឹងសភាពការណ៍ បច្ចុប្បន្ន ។

សម្តេចបានបន្ថែមថា យើងមានសុទិដ្ឋិនិយម ចំពោះវិធីសាស្រ្តថ្មី ដែលអាចទាញសភាពការណ៍មីយ៉ាន់ម៉ា ឈានទៅរកការចរចាបាន។ សម្តេច បានបញ្ជាក់ថា ដំណោះស្រាយយោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់ បាននោះទេ ហើយ ការស្វែងរកសន្តិភាព តាមរយៈការចរចា ទាមទារនូវពេលវេលា។

សម្ដេចតេជោ បានជម្រាបជូនលោកប្រេសិតពិសេសបារាំងថា សម្ដេចធ្លាប់បានជួបជាមួយលោក Min Aung Hlaing កាលពីឆ្នាំ២០២២ ហើយបន្ទាប់មកទៀត ក៏បានជួបតាមអនឡាញ ជាបន្តបន្ទាប់ ហើយថ្មីៗនេះ បេសកជនពិសេសរបស់មីយ៉ាន់ម៉ា ក៏បានមកជួបសម្ដេចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោបានសម្តែងនូវក្តីរីករាយ ដែលមីយ៉ាម៉ាទទួលយកនូវអនុសាសន៍ របស់សម្ដេច ក្នុងការបញ្ជូនតំណាង មិនមែននយោបាយទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ។

លោកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ចំពោះការចែករំលែកទស្សនៈ និងបទពិសោធន៍ ដ៏អស្ចារ្យរបស់សម្តេចតេជោ ទាំងបទពិសោធន៍ផ្ទាល់ខ្លួន នៃដំណើរស្វែងសន្តិភាព ឱ្យប្រទេសកម្ពុជា និងការខិតខំចូលរួមស្វែងរកសន្តិភាព ឱ្យប្រទេសមីយ៉ាន់ម៉ា យ៉ាងសុទ្ធចិត្តទាំងផ្នែកនយោបាយ និងមនុស្សធម៌។

លោក នឹងបន្តធ្វើការងារជាមួយប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ ជាពិសេសប្រទេសនិយាយភាសាបារាំង ក្នុងការរកដំណោះស្រាយ ដល់មីយ៉ាន់ម៉ាបន្តទៀត។

To Top