ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហារូបការណ៍ ផ្នែកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ចំនួន ៦៧៣០០ កន្លែង។ ការផ្តល់អាហារូបករណ៍នេះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យ អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

បើតាមលោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា អាហារូបករណ៍ចែកចេញជាពីរប្រភេទ ទី១៖ កម្មវិធីបណ្តុះបណ្តាលរយៈពេលវែងដែលមានប្រភេទ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។ និងទី២៖ អាហារូបករណ៍ក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី ដែលជាប្រភេទអាហារូបករណ៍មូលនិធិជាតិ បណ្តុះបណ្តាលដើម្បីកាត់បន្ថយភាពក្រីក្រ។

លោករដ្ឋលេខាធិការ បានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០២៤ នេះកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ បាននិងកំពុងបន្តបេសកកម្មរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលជំនាញដល់ យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។

លោករដ្ឋលេខាធិការបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមយ៉ាងផុសផុល ជាងនេះទៀតក្រុមការងារក៏បានចុះផ្សព្វផ្សាយផ្ទាល់ ទៅដល់មូលដ្ឋានប្រជាពលរដ្ឋធ្វើយ៉ាងណាកៀរគរ យុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។

លោករដ្ឋលេខាធិការបន្តថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្ម លើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្ត យ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។

លោកបានអំពាវនាវដល់យុវជនដែល មិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។

គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនចុះឈ្មោះចូលសិក្សា ជំនាញសរុបចំនួនជាង ៨ម៉ឺននាក់ (ស្រីចំនួនជាង ៣,២ម៉ឺននាក់)។ ក្នុងចំណោមសិស្សដែលបាន ចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះសិស្សបានបញ្ចប់ការសិក្សាមានចំនួនជាង ១មុឺននាក់។ យុវជនសិក្សាជំនាញរបស់ រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, មួយចំនួនចេញប្រកបមុខរបរផ្ទាល់ខ្លួន និងខ្លះទៀតកំពុងចុះកម្មសិក្សា នៅតាមក្រុមហ៊ុនឯកជននានា ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់សាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

