ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោក ហៃ វណ្ណា ក្រោយប្រកាសផ្តាច់ខ្លួន ពីក្រុមជ្រុលនិយម មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះ លោក ហៃ វណ្ណា ក្រោយប្រកាសផ្តាច់ខ្លួន ពីក្រុមប្រឆាំងជ្រុលនិយម ហើយមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមកសាងប្រទេស ជាតិវិញ។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា «ក្នុងនាមគណបក្ស ប្រជាជនកម្ពុជាខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានធ្វើការ សូមអភ័យទោស ចំពោះការខុសឆ្គងរបស់ខ្លួន កាលពីថ្ងៃ១៨ សីហា ២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញ ពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ»។

សម្ដេចតេជោ បន្ដថា «ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យ ពីសំណាក់បងប្អូនជនរួមជាតិដែលខឹងសម្បាចំពោះ លោក ហៃ វណ្ណា កន្លងមកនិងបញ្ចប់ការខឹងសម្បានេះដើម្បីចាប់ដៃគ្នា កសាងអនាគតរបស់កម្ពុជា»។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសង្ឃឹមថា បងប្អូនផ្សេងទៀតនឹងយកគំរូតាម លោ កហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមក ចូលរួមកសាងប្រទេស។ សូម កុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំង ជ្រុលនិយមចូលរណ្តៅព្រោះខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត»៕

To Top